Hexuan

· 2019-03-04

លក់តែរថយន្តមួយតឹក ក្រុមហ៊ុនចិនមួយនេះស្រូបយកទុនវិនិយោគពីមហាសេដ្ឋីជប៉ុន១.៥ពាន់លានដុល្លារ

0

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮដំណឹងហើយថា ក្រុមហ៊ុនវិនិយោគធំបំផុតរបស់ជប៉ុនឈ្មោះថា SoftBank របស់មហាសេដ្ឋី Masayoshi Sun បានត្រៀមលុយពាន់ៗលានដុល្លាររួចស្រាប់ចាំវិនិយោគដល់គំនិតអាជីវកម្មបង្កើតថ្មីដែលមានសក្ដានុពលនាពេលអនាគត ហើយមានក្រុមហ៊ុនមិនតិចទេសម្លឹងឃើញ និងចង់បានទុនទាំងនោះយកមករកស៊ី។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនបង្កើតថ្មីរបស់ចិនជាច្រើនប្រកួតប្រជែងគ្នាបង្ហាញពីគំនិតអាជីវកម្មរបស់ខ្លួន ប៉ុន្តែមានតិចតួចប៉ុណ្ណោះដែលអាចមានវាសនាទទួលបានលុយយកមករកស៊ីខ្ទង់ពាន់លានដុល្លារ។ ដោយឡែកក្រុមហ៊ុនចិនមួយនេះឈ្មោះថា Chehaodou ដែលមានបង្កើតជាផ្លេតហ្វមទិញនិងលក់រថយន្តមួយតឹក ទើបតែនឹងប្រកាសថាខ្លួនទើបនឹងទទួលបានលុយវិនិយោគពីគម្រោង SoftBank Vision Fund របស់មហាសេដ្ឋីជប៉ុន Masayoshi Sun។

សម្រាប់គំនិតអាជីវកម្មមួយនេះអាចនឹងមិនមានអ្វីប្លែកច្រើននោះទេ ប៉ុន្តែក្រុមហ៊ុន Chehaodou បានធ្វើឱ្យការលក់ ទិញរថយន្តមួយតឹកមានភាពងាយស្រួលជាងមុនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ ចំណុចល្អដំបូងបំផុតដែលធ្វើឱ្យ SoftBank ដាក់ទុនវិនិយោគនោះក៏ដោយសារតែក្រុមហ៊ុនមួយនេះបានសម្រួលដល់អតិថិជនមិនបាច់ត្រូវចាំបាច់ឆ្លងកាត់ឈ្មួញកណ្ដាល ឬភាសាសាមញ្ញថាអ្នកគួកជេលក់នោះទេ។

អ្នកទិញនិងអ្នកលក់អាចធ្វើការទំនាក់ទំនងគ្នាផ្ទាល់តាមរយៈប្រព័ន្ធដែលត្រូវបានបង្កើតឡើង។ បន្តរមកទៀត គំនិតអាជីវកម្មរបស់ក្រុមហ៊ុនមួយនេះក៏បានផ្ដល់ភាពរីករាយដល់អតិថិជនតាមរយៈការដែលពួកគាត់អាចទិញរថយន្តមួយតឹកល្អក្នុងតម្លៃសមរម្យ ហើយក្នុងគោលបំណងមួយនៃការបង្កើតក្រុមហ៊ុននេះឡើងដោយសារតែស្ថាបនិកចង់ឃើញប្រជាជនចិន មានលទ្ធភាពអាចជិះឡានបានក្នុងតម្លៃធូរថ្លៃ។

បង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុនមួយនេះប្រើប្រាស់បច្ចេកវិទ្យាវិភាគទៅលើទិន្នន័យរថយន្ត និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសុប្បនិម្មិត ក្នុងការកំណត់ស្តង់ដារតម្លៃរបស់ថយន្តនៅលើទីផ្សារ ខណៈដែលការលក់រថយន្តមួយតឹកកាលពីមុន ធ្វើឡើងតាមតែមាត់អ្នកគួកជេ។ បន្ថែមពីនេះផងដែរ ក្រុមហ៊ុនក៏ធ្វើការទំនាក់ទំនងរវាងឃ្លាំងលក់រថយន្តច្រើនជាង៦០០ឃ្លាំង។

គូសបញ្ជាក់ផងដែរថា ឃ្លាំងលុយវិនិយោគរបស់ SoftBank មានទុនមិនតិចជាង ១០០ពាន់លានដុល្លារនោះទេ ដើម្បីវិនិយោគក្រុមហ៊ុនបង្កើតថ្មី ហើយកន្លងមកអាជីវកម្មបង្កើតថ្មីដែលឧស្សាហ៍ ទទួលបានទុនវិនិយោគច្រើនតែជាក្រុមហ៊ុនបច្ចេកវិទ្យា ICT រួមមាន AI, IoT, Smart Robotics និងក្រុមហ៊ុនធ្វើការជាមួយនឹងអ៊ីនធឺណេតដូចជា Mobile Service ឬ App, E-commerce, Software, hardware, និងប្រព័ន្ធផ្សព្វផ្សាយ (advertising & media)៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)