ថ្មីៗ-ThmeyThmey

· 01-25

ក្រសួងអប់រំថៃ ដកវិធានការកំណត់ម៉ូតសក់សិស្សនិងអនុញ្ញាតឱ្យសិស្សស្រីទុកសក់វែង

#សក់បែបទាហាន# #ព័ត៌មាន# #ក្រសួងអប់រំថៃ# #Treenuch Thienthong# #ព័ត៍មានអន្តរជាតិ#

2751

ដោយ: ជា ពេជ្រដាឡែន

ការកំណត់ទម្រង់សក់បែបទាហានសម្រាប់សិស្សប្រុសនិងម៉ូតសក់ខ្លីក្ដោបសម្រាប់សិស្សស្រី ត្រូវបាន លុបចោលសម្រាប់សាលាទាំងឡាយណាដែលគ្រប់គ្រងដោយក្រសួងអប់រំ។ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថៃ​លោកស្រី Treenuch Thienthong លើកឡើងបែបនេះនៅថ្ងៃទី២៤ ខែមករា។

 ក្រោមបទប្បញ្ញត្តិថ្មីដែលប្រកាសដោយរដ្ឋមន្ត្រីក្រសួងអប់រំថៃ សិស្សានុសិស្ស​នៅ​សាលារៀន​ក្រោម​ក្រសួងអប់រំ នឹងត្រូវបានអនុញ្ញាតឱ្យមានសក់វែងឬខ្លីតាមចំណូលចិត្តរបស់ពួកគេ។ ចំណាត់ការ​មួយ​នេះ​ត្រូវធ្វើឡើងក្នុងការឆ្លើយតបនឹងការអំពាវនាវជាបន្តបន្ទាប់​សម្រាប់ការ​ធ្វើវិសោធនកម្ម​បទប្បញ្ញត្តិ​របស់ក្រសួងឆ្នាំ២០២០ ស្តីពីម៉ូតសក់របស់សិស្សដែលត្រូវមើលឃើញថាប៉ះពាល់យ៉ាង​ខ្លាំង​ដល់​រាងកាយ និងផ្លូវចិត្តរបស់សិស្ស។

 ក្រោមច្បាប់ថ្មីនេះ សិស្សប្រុសអាចទុកសក់ខ្លី ឬវែង ប៉ុន្តែមិនត្រូវលើសពីគែមនៃសក់ ឬថ្ងាសឡើយ។ សិស្ស​ប្រុសមិនអនុញ្ញាតឱ្យទុកពុកមាត់ ឬពុកចង្កានោះឡើយ។ សក់ក៏មិនត្រូវមានលំនាំប្លែកៗដែរ។ ចំណែក​សិស្សស្រីអាចមានសក់វែង ឬខ្លី ប៉ុន្តែប្រសិនជាមានសក់វែងត្រូវចងឱ្យបានសមរម្យ ហើយ​ការ​លាប ឬ​ប្តូរពណ៌សក់នឹងមិនអនុញ្ញាតនោះឡើយ។

 កាលពីថ្ងៃទី១៦ ខែមករា​ រដ្ឋមន្ត្រីក្រសួងអប់រំថៃ ក៏បានចុះហត្ថលេខាលើ​ដីកា​លុប​ចោល​បទប្បញ្ញត្តិ​ឆ្នាំ២០២០ ស្ដីពី​ម៉ូដ​សក់​សិស្ស និង​បាន​ដាក់​សំណើ​ទៅ​លេខាធិការដ្ឋាន​គណៈរដ្ឋមន្ត្រីដើម្បី​បញ្ជូន​បន្ត​ទៅ​ចុះ​ផ្សាយ​ក្នុង​រាជ​កិច្ច។ បទប្បញ្ញតិ្តថ្មី​នឹង​ចូល​ជា​ធរមាន​នៅ​ ពេល​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ។

 គួររំលឹកថា កាលពីខែឧសភាឆ្នាំមុន លោកស្រី Treenuch ក៏បានណែនាំគ្រូបង្រៀនមិនមានសិទ្ធិ​កាត់​សក់សិស្សជាការដាក់ទណ្ឌកម្មក្នុងការបំពានបទប្បញ្ញត្តិនោះឡើយ ទោះបីជាវិន័យជា​ការ​ចាំបាច់​ក្នុង​ការ​បង្កើត​រចនាសម្ព័ន្ធ​ក្នុង​បរិយាកាស​អប់រំក៏ដោយ។ លោកស្រី Treenuch បញ្ជាក់ទៀតថា ការកាត់សក់ដោយគ្រូមិនត្រូវនោះឡើយក្នុងសាលារៀនព្រោះវាមិនមានជាប់ពាក់ព័ន្ធនឹងការបណ្តុះការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់សិស្សនោះទេ៕

ប្រភពដើម៖ ThmeyThmey

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស