
TNAOT News
· 03-16
រាជរដ្ឋាភិបាល សម្រេចផ្ដល់ប្រាក់រង្វាន់ជាង ២៧០៨លានរៀល ដល់កីឡាករ កីឡាការិនី ជ័យលាភីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១
#សម្ដេចតេជោ ហ៊ុន សែន# #SEAGAME2023# #ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣# #កីឡា# #ប្រទេសឥណ្ឌូនេស៊ី# #កីឡាជាតិ# #ស៊ីហ្គេម២០២៣# #កីឡាអាស៊ានប៉ារ៉ាហ្គេម#
8445
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដល់ម្ចាស់ជយលាភីពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ដោយមានថវិកាសរុបចំនួន ២ ៧០៨ ៦០០ ០០០ រៀល នៅទីស្ដីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៣ ខែមីនានេះ។
សូមរំឭកថា កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ បានធ្វើការប្រកួត កាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដោយកម្ពុជា បានបញ្ចូនកីឡាករ កីឡាការិនីជនពិការចំនួន១១៥នាក់ លើ ១១ប្រភេទកីឡាចូលរួម ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ។ ជាលទ្ធផលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ឈរចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម ១១ប្រទេស ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់កីឡាករ កីឡាការិនីជនពិការកម្ពុជា ទោះបីមានការលំបាក ពិសេសកំឡុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ជាង ២ឆ្នាំយ៉ាងណា តែថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីផ្ទាល់ បានព្យាយាម និងខិតខំប្រឹងប្រែង រហូតដណ្ដើមបានជោគជ័យមេដាយ និងកិត្តិយសជូនជាតិយ៉ាងត្រចះត្រចង់។
ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងខាងលើ ថ្ងៃនេះ រាជរដ្ឋាភិបាល ក៏បានប្រគល់ប្រាក់រង្វាន់ជយលាភីដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី។ នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្លាំង របស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន ក្នុងការគាំទ្រ ជំរុញ និងលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ទាំងជនមានពិការភាព និងជនមិនមានពិការភាព ធ្វើឱ្យអត្តពលិកទាំងអស់ មានភាពកក់ក្ដៅ និងកម្លាំងចិត្តចូលរួមប្រកួតអន្ដរជាតិនានា ពិសេសត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)