TNAOT News

· 03-17

រយៈពេល ២ខែ កម្ពុជារកចំណូលបានពីពន្ធដារជាង ៥០០លានដុល្លារ

#ពន្ធដារ# #របាយការណ៍# #សង្គម# #រយៈពេល ២ខែ# #កម្ពុជារកចំណូល# #អគ្គនាយកដ្ឋានពន្ធដារ# #ព័ត៌មានសង្គម#

8203

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រយៈពេល ២ខែនៃឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានចំណូលពីពន្ធដារសរុបចំនួន ៥៣៩,២៣ លានដុល្លារ (២១៨៣,៨៩ពាន់លានរៀល) កើនឡើង ៥២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានបង្ហាញថា រយៈពេល ២ខែ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ២១៨៣,៨៩ពាន់លានរៀល (៥៣៩,២៣លានដុល្លារ) ស្មើនឹង ១៥.១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៣ កើនឡើងចំនួន ១០៩,៣៣ពាន់លានរៀល ( ២៧,០០លានដុល្លារ) ស្មើនឹង ៥.២៧%។

នៅក្នុងខែកុម្ភៈ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល​ បានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានមានចំនួន ៩៦៦,៣២ពាន់លានរៀល (២៣៨,៦០លានដុល្លារ) ស្មើនឹង ៦.៦៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កើនឡើងចំនួន ៥៩,២៩ពាន់លានរៀល (១៤,៦៤ លានដុល្លារ) ស្មើនឹង ៦.៥៤%។

របាយការណ៍ បានបញ្ជាក់ថា សម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤,៧៩% អាករលើតម្លៃបន្ថែម ៨,៩៣% និងពន្ធលើប្រាក់បៀវត្ស១១,០១%។

ទន្ទឹមនឹងនេះ ត្រឹមរយៈពេល ២ខែប៉ុណ្ណោះ កម្ពុជាទទួលបានចំណូលពន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតជិត ១៥លានដុល្លារ៕



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)