Novel Readers

· 2023-05-13

រឿង ក្រមុំទំនើងកំលោះអង្គរក្ស ភាគទី ២ (៦) ប្រលោមលោក

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

3921

"អ្នកនាងតូចយំមែនទេ?" អ្នកបម្រើប្រុសតាំងចិត្តសួរ ទាំងដែលដឹងរួចហើយ។

អេម៉ា នៅស្ងៀមមិនរវីរវល់នឹងកូនចៅរបស់លោកតា ហើយដើរចូលទៅក្នុងបន្ទប់អាហារដ៏ធំទូលាយ ស្អាតប្រណីត ដើម្បីរកអ្វីទ្រាប់ក្រពះ នាងយំពេញមួយយប់អស់កម្លាំងខ្លាំងណាស់ ។

ប៉ុន្តែអ្វីដែលអាក្រក់នោះគឺ វែលិត ជនអាក្រក់លំដាប់លេខមួយក៏នៅក្នុងបន្ទប់អាហារនេះដែរ គេកំពុងផឹកកាហ្វេអានកាសែត ។

"អរុណសួស្តី!” គេងើយមុខមើលនាងហើយក៏អានកាសែតបន្ត ។

នាងអង្គុយចុះត្រង់កន្លែងរបស់នាងយ៉ាងស្ងៀមស្ងាត់ បើសិនជានាងមិនឃ្លានរហូតដល់ឈឺក្រពះទេ នាងនឹងគេចមុខចេញទៅវិញភ្លាម និងមិនព្រមមកអង្គុយញ៉ាំអាហាររួមតុជាមួយគេទេ ។

នាងចាប់យកនំប៉័ងមកខាំដោយដៃទទេ នឹកគិតថាកំពុងខាំទំពាសាច់របស់ប្រុសឆ្កួតនេះ ក្នុងចិត្តជេរស្តី ទាំងអស់គឺជាទោសកំហុសរបស់គេ មិនអីចឹងថ្មើរណេះនាងប្រហែលជាមានសេរីភាពបាត់ទៅហើយ ។

"អ្នកនាងញ៉ាំដូចមនុស្សព្រៃអីចឹង" ពេលគេបើកទំព័រកាសែតមួយទៀតក៏ងើបមុខមើលនាង ។

"លោកមានសិទ្ធិអីមកវិភាគខ្ញុំ!”

"ខ្ញុំមិនបានវិភាគអ្នកនាងទេ ខ្ញុំគ្រាន់តែនិយាយតាមការពិត តាមអ្វីដែលខ្ញុំឃើញ”

ដំបូង វែលិត គិតថានាងនឹងមិនចុះមកខាងក្រោមទៅវិញទេ នាងយំពេញមួយយប់ ចំណែកគេក៏អង្គុយស្តាប់ពេញមួយយប់ដែរមានអារម្មណ៍ថាបារម្ភពីនាងណាស់ តែមកដល់ពេលនេះឃើញនាងមានសភាពល្អប្រសើរឡើង និងឃ្លានអាហារដែរ គេក៏ទុកចិត្តបាន ។

អេម៉ា ធ្វើដូចកូនក្មេង គប់នំប៉័ងក្នុងដៃដាក់គេដោយទ្រាំមិនបានប៉ុន្តែបាតដៃធំរបស់គេចាប់ជាប់ ហើយបោះដាក់នាងវិញ ។

"កុំខ្ជះខ្ជាយអាហារបែបនេះអី មើលទៅអ្នកនាងហេវស្ទើរតែដាច់ក្រពះហើយ ត្រូវញ៉ាំឲ្យឆ្អែត”

គេដាក់កាសែតចុះ មុននឹងដើរចញពីបន្ទប់អាហារទៅ ។

អេម៉ា ខាំធ្មេញ ដាក់នំប៉័ងចុះលើចាន នាងញ៉ាំទៀតមិនចូលព្រោះត្រូវគេញោះឲ្យខឹងឡើងឆ្អែតទៅហើយ ពាក្យសម្តីរបស់គេហាក់ដូចកំពុងសើចចំអកឲ្យនាងអីចឹង ។

"អេម៉ា មានរឿងអីចៅ?” ជេមស៍ ដើរចូលមកក្នុងបន្ទប់អាហារដោយទឹកមុខស្រស់ស្រាយ គេទើបតែត្រឡប់មកពីហែលទឹកពេលព្រឹក ឃើញចៅស្រីអង្គុយធ្វើមុខតានតឹងនៅក្នុងបន្ទប់អាហារក៏ចូលមកសាកសួរ ។

"គ្មានអីទេលោកតា ចៅសុខសប្បាយសឹងស្លាប់ទៅហើយ...”

អេម៉ា មិនមើលមុខលោកតា អត់ធ្មត់នឹងការតូចចិត្តយ៉ាងខ្លាំង ការពិតនាងមិនចង់រស់នៅក្នុងផ្ទះមួយខ្នងនេះសូម្បីតែមួយនាទី ។

"ចៅទម្លាប់ជាមួយអង្គរក្សថ្មីរបស់ចៅបានហើយនៅ?” លោកតាអង្អែលក្បាលរបស់នាងថ្នមៗ ។

“ទម្លាប់ខ្លាំងណាស់...”

ស្ទើរតែខាំគ្នាស្លាប់ទៅហើយ ។

"ឈប់សិន ចៅចង់ទៅណា?”

"ទៅហាត់ប្រាណ” នាងគ្មានអារម្មណ៍និយាយ ។

"មុនពេលរៀបការ ចៅចង់ទៅដើរកម្សាន្តនៅទីណាក៏បាន តាមចិត្តចៅចុះ ចង់ទៅបរទេសក៏បាន មាន វែលិត នៅ តាទុកចិត្តហើយ”

លោកតានិយាយផងសើចផង ហើយដើរចេញទៅយ៉ាងរីករាយ ។


ប្រភពអត្ថបទ៖ OBSOK BOOK 


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)