TNAOT News

· 05-18

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣

#ឆ្នាំ២០២៣# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#

10191

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. សម្តេចតេជោ៖ ​ប្រទេសជឿនលឿនមួយចំនួន មើលស្រាលប្រទេសក្រីក្រ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ប្រទេសជឿនលឿនមួយចំនួនបានមើលស្រាលពីការរាតត្បាតជំងឺកូវីដ១៩ ប្រទេសខ្លះទៀត បានមើលស្រាលប្រទេសក្រីក្រ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមការថ្លែងរបស់ សម្តេច ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

២. ឯកឧត្តម ថោង ខុន៖ កីឡាការិនី ប៊ូ សំណាង ​ជានិមិត្តរូបនៃឆន្ទៈ​ និង​ស្មារតីកីឡា​សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នេះ

ភ្នំពេញ៖ ការខិតខំ​ប្រឹងប្រែងរ​បស់​កីឡាការិនី​កម្ពុជា ប៊ូ សំណាង បាន​បង្ហាញ​ពី​ឆន្ទៈ​កីឡា និង​ស្មារតី​អូឡាំពិកសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ​។ នេះបើតាមការថ្លែងរបស់ឯកឧត្តម ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​គ្នេយ៍​ កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣​។

៣. កំណាត់ មហាវិថីព្រះមុនីវង្ស នឹងត្រូវបិទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធអគារព្យាបាលថ្មីរបស់មន្ទីរពេទ្យកាល់ម៉ែត្រ

ភ្នំពេញ៖ យានយន្តគ្រប់ប្រភេទនឹងត្រូវធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត រដ្ឋបាលរាជធានីភ្នំពេញ។

៤. ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ខ្សែទី២ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅដើមខែក្រោយនេះហើយ

ភ្នំពេញ៖ ផ្លូវល្បឿនលឿនខ្សែទី២ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ប្រវែងជាង ១៣៥គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

 ៥. ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាទទួលបានកិត្តិនាមល្បីរន្ទឺខ្ទរខ្ទារពាសពេញពិភពលោក

 ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបន្ទាប់ពីពិធីបិទមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បែបនេះថា «ភាពជោគជ័យ និងភាពល្បីល្បាញ ឮសាយខ្ទរខ្ទារពេញពិភពលោក នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺមិនអាចកាត់ផ្តាច់បាននូវការចូលរួមបង្ហាញផ្ទាំងទស្សនីយភាពនៃពិធីបើក និងពិធីបិទ»។

 ៦. អបអរសាទរ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍កីឡាយុវជនអូឡាំពិកទ្វីបអាស៊ី ឆ្នាំ២០២៩

ភ្នំពេញ៖ កម្ពុជាទទួលបានសិទ្ធិពេញលេញធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍កីឡាយុវជនអូឡាំពិកទ្វីបអាស៊ីលើកទី៥ ឆ្នាំ២០២៩ (Asian Youth Games 2029) ដែលមានប្រទេសចូលរួមប្រកួតចំនួន ៤៦ប្រទេស ៤ឆ្នាំប្រកួតម្ដង។

៧. ក្រពើភ្នំចំនួន ១៤៦ក្បាល ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិ

កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងគេលើលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។

៨. អត្តពលិកអន្តរជាតិ អរគុណកម្ពុជាចំពោះការទទួលបានបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២

លោក Jimmy Pikanet Sukyik ដែលជាកីឡាករមកពីប្រទេសថៃបានវាយតម្លៃខ្ពស់ចំពោះរាជវង្សានុវង្សនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់កីឡាករអន្តរជាតិ។ «កម្ពុជាមានភាពរួសរាយ រាក់ទាក់ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកីឡាករអន្តរជាតិ រូបលោកក៏បានថ្លែងបន្តទៀតថានេះក៏ជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំដែលបានចូលរួមក្នុងការប្រកួតស៊ីហ្គេមនៅកម្ពុជា។

៩. អាស៊ានបាននឹងកំពុងរៀបចំខ្លួនជា«មហាអំណាចសេដ្ឋកិច្ចថ្មី» របស់ពិភពលោក

ឥណ្ឌូនេស៊ី៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) កំពុងបង្ហាញពីទំនុកចិត្តរបស់ខ្លួនក្នុងការក្លាយជាមហាអំណាចសេដ្ឋកិច្ចថ្មីរបស់ពិភពលោក។ ការបង្ហាញទំនុកចិត្ត ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកិច្ចប្រជុំកំពូល ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភាកន្លងទៅ នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។

១០. ព្រឹត្តិកាណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាចំណែកមួយនៃការជំរុញសមាហរណកម្មនៅក្នុងក្របខណ្ឌអាស៊ាន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ចាត់ទុកការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃព្រឹត្តិកាណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាចំណែកមួយនៃស្មារតីសាមគ្គីភាព មិត្តភាព ការយោគយល់ និងជំរុញការធ្វើសមាហរណកម្មនៅក្នុងក្របខណ្ឌអាស៊ាន ដែលធ្វើឱ្យប្រជាជនក្នុងប្រទេសដែលជាម្ចាស់ផ្ទះ និងប្រជាជនតាមបណ្តាប្រទេសនានាដែលជាភ្ញៀវមានភាពស្និតស្នាលគ្នា ចេះយោគយល់គ្នាទៅវិញទៅមក ព្រមទាំងគោរពស្រឡាញ់គ្នា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស