Novel Readers
· 2023-05-25
រឿង ភ្នាល់ដាក់បេះដូងក្នុង២៤ម៉ោង ភាគទី ៤ (៤) ប្រលោមលោក
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
6313
លេសស៊ី សម្លឹងមើល អារ៉ន ការពិតកាលពីមុនគេធ្លាប់ប្រាប់ថារៀនផ្នែកពេទ្យសត្វ រឿងគឺបែបនេះអ្ហែ៎ងមែនទេ...
"តែថា..." សុខៗសំឡេងឮយ៉ាងច្បាស់របស់ អ៊ែនន៍ បន្លឺឡើងធ្វើឲ្យស្លុតចិត្តមួយរំពេច ស្ត្រីជរាដកដង្ហើមធំ "ក្នុងជីវិតយាយមានរឿងដែលខូចចិត្តបំផុតបីរឿង រឿងមួយនៅក្នុងនោះគឺឲ្យ អារ៉ន ត្រឡប់ទៅរៀនពេទ្យ យាយដឹងថាគេគ្មានក្តីសុខទេ តែដើម្បីយាយគេបែរជាត្រឡប់ទៅរៀន យាយដឹងថាគេមិនចូលចិត្តការប្រកួតប្រជែងយកឈ្នះចាញ់តែគេជាមនុស្សដែលមានសមត្ថភាព និងឆ្លៀវឆ្លាតបំផុតក្នុងបណ្តាញាតិបងប្អូនទាំងអស់ ឲ្យយាយទ្រាំឃើញកូនចៅដទៃទៀតដែលពោរពេញទៅដោយកលល្បិច ធ្វើឲ្យមុខរបរកស៊ីដែលលោកតាកខំសាងមកធ្លុះធ្លាយអីចឹងឬ?”
និយាយទៅនិយាយមក ទឹកភ្នែកស្រ្តីជរាក៏ហូរសស្រាក់ ។
អារ៉ន យកធីស៊ូមកជូតទឹកភ្នែកឲ្យអ្នកជាយាយដោយមិនហាមាត់និយាយអីមួយម៉ាត់ ។
"អារ៉ន យាយធ្វើខុសចំពោះចៅ ទាំងដឹងថាចៅមិនពេញចិត្តក៏នៅបង្គាប់ឱ្យចៅត្រឡប់ម៉ោ...យាយធ្វើខុសចំពោះម៉ាក់របស់ចៅ បើសិននាងនៅរស់ប្រាកដជាគាំទ្រការសម្រេចចិត្តរបស់ចៅ យាយមិនគោរពការសម្រេចចិត្តរបស់ចៅច្រើនណាស់ មិនព្រមឱ្យចៅធ្វើរឿងដែលចង់ធ្វើ...បើអាចបង្វិលពេលវេលាត្រឡប់ទៅវិញបាន យាយប្រាកដជាមិនបង្ខំចៅឲ្យធ្វើបែបនេះទេ”
"មិនអីទេលោកយាយ រឿងវាកន្លងហួសទៅហើយ កុំគិតច្រើនអី”
គេទះខ្នងដៃរបស់លោកយាយស្រាលៗ ជួយរៀបចំខ្នើយដែលនៅក្រោយខ្នងដើម្បីឲ្យទម្រេតបានស្រួល "លោកយាយសម្រាន្តចុះ ចៅមិនធ្លាប់បន្ទោសលោកយាយទេ”
លេសស៊ី ជួយបិទអំពូលភ្លើងធំនៅក្នុងបន្ទប់ ទុកតែអំពូលភ្លើងគោមតូចដែលនៅក្បែរជ្រុងគ្រែ ឆ្លុះឲ្យឃើញ ផ្ទៃមុខមួយផ្នែករបស់គេ។
ថ្ងៃនេះបានស្ដាប់រឿងរបស់គេច្រើនណាស់ នាងមានអារម្មណ៍ឈឺចិត្តតិចតួច ដែល អារ៉ន ជាមនុស្សពិបាកសេពគប់ក៏ព្រោះបែបនេះអ្ហែ៎ង...
នាងដឹងច្បាស់ថាយាយចៅស្និទ្ធស្នាលគ្នាណាស់ បើប្រាប់ថា អារ៉ន ព្រមលះបង់គ្រប់យ៉ាងដើម្បីយាយរបស់គេបាននាងក៏ជឿស្រាប់ហើយ ។
គ្រាន់តែបានឮពាក្យសុំទោសរបស់អ្នកជាយាយពេលនេះ គេក៏ឈឺចិត្តដូចគ្នា...
"ខ្ញុំត្រូវត្រឡប់ទៅវិញហើយ"
ពេលនោះដែរ លេសស៊ី ក៏គិតបានថា ពេលខ្លះក៏គួរតែទុកឲ្យពួកគេបាននិយាយគ្នាតែពីរនាក់ ទើបនាងទាញកៅអីចេញ ត្រៀមខ្លួនទៅវិញ ។
"ចាំម៉ាភ្លែត!” អារ៉ន មិនបានមើលនាង ខ្សែភ្នែកកំពុងតែមើលលោកយាយដែលកំពុងសម្រាន្តលក់មិនដាក់ភ្នែក "មកអង្គុយត្រង់នេះ!"
លេសស៊ី ត្រឡប់ទៅអង្គុយកន្លែងដើមយ៉ាងងាយ រហូតដល់សំឡេងខ្សឹកខ្សួលរបស់ អ៊ែនន៍ ស្ងាត់ សន្សឹមៗប្រែជាសំឡេងដកដង្ហើមស្រាលៗ ទើបគេក្រោកមើលឧបករណ៍ជំនួយដង្ហើមផ្សេងៗ បន្ទាប់ពីនោះទើបនាំ លេសស៊ី និងកូនឆ្មាចេញពីបន្ទប់សម្រាក ។
"យប់ជ្រៅហើយ បន្តិចទៀតខ្ញុំជូនទៅ"
លេសស៊ី ចំហមាត់ធ្លុងជាច្រើនវិនាទី ចុងក្រោយទើបដើរតាមពីក្រោយគេទៅ ។
បន្ទាប់ពីឡើងឡាន នាងសម្លឹងមើលផ្ទៃមុខម្ខាងរបស់គេ...មានអារម្មណ៍ថាយប់នេះនាងបានស្គាល់គេច្រើនបន្ថែមទៀត ។
ការពិត អារ៉ន ដែលចូលចិត្តធ្វើមុខយក្ស និងមិនព្រមបើកចិត្តចំពោះអ្នកណា មិនមែនគេមាននិស្ស័យអាក្រក់នោះទេ គ្រាន់តែមិនចង់ប្រជែងយកចាញ់ឈ្នះជាមួយអ្នកណាប៉ុណ្ណោះ តែដោយសារតែធ្វើការក្នុងមន្ទីរពេទ្យរបស់ត្រកូល ទើបវាពិបាកនឹងចៀសវាងរឿងបែបនេះ ដូច្នេះទើបគេបង្ខំចិត្តរក្សាគម្លាតជាមួយអ្នកផ្សេង ដោយមិនចាប់អារម្មណ៍ថាអ្នកផ្សេងមើលមកគេបែបណា ។
"លោកខឹងលោកយាយដែរទេ?” នាងសំដៅដល់រឿងដែលគេត្រូវរារាំងមិនឲ្យធ្វើជាពេទ្យសត្វ ទោះជាដឹងទៅហើយថាពាក្យតបគឺអ្វី តែនាងគិតថាពេលខ្លះគេអាចត្រូវការមនុស្សម្នាក់ទទួលស្ដាប់សម្តីគេ។
"គាត់គិតថាខ្ញុំខឹងគាត់ ការពិតខ្ញុំមិនដែលខឹង ឬបន្ទោសគាត់ទេខ្ញុំធ្លាប់សន្យាទុកថា សុំត្រឹមតែលោកយាយត្រូវការអី ខ្ញុំនឹងធ្វើឲ្យទាល់តែបាន ជាពិសេសនៅរយៈពេលនេះលោកយាយ...” អារ៉ន ទប់ចិត្ត គេជាគ្រូពេទ្យរមែងដឹងពីសភាពរាងកាយរបស់លោកយាយយ៉ាងច្បាស់។
"សុំត្រឹមតែឱ្យលោកយាយបានទៅដោយស្ងប់សុខ ឲ្យធ្វើអីក៏ខ្ញុំព្រមដែរ"
"លោកយាយនៅសល់ពេលប៉ុន្មានទៀត?”
ប្រភពអត្ថបទ៖ OBSOK BOOK
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)