Town News

· 2023-05-26

បណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយលោក ប៊ុយ ក្វាងហ៊ុយ

#ហ៊ុន ម៉ាណែត# #សង្គម# #ព័ត៌មានសង្គម# #ប៊ុយ ក្វាងហ៊ុយ#

2852

លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តហូជីមិញ អាណត្តិទី១៣ និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៣ ដល់២៦ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់ពីជំនួបពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ ២០២៣-២០២៨ ។ ជំនួបនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា) កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។​

ក្នុងឱកាសជំនួបនោះ លោកប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) បានថ្លែងនូវការ អបអរសាទរចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានជាទីគាប់ចិត្ត នាពេលកន្លងមក រួមមាន ការគ្រប់គ្រងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ការបើកដំណើរការសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ ការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កិច្ចប្រជុំអន្តរសភាអាយប៉ា លើកទី៣២ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានល្អ ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ និងឆ្ពោះទៅរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលឆាប់ៗនេះ ដែលភាពជោគជ័យទាំងនេះ បានលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោប្រធានគណបក្ស។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញនូវជំនឿជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការអបអរសាទរចំពោះការរៀបចំមហាសន្និបាតមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ប្រកបដោយភាពជោគជ័យ និងផ្លែផ្កា ព្រមទាំងអបអរសាទរដល់ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) ដែលទទួលបានការតែងតាំងជាផ្លូវការជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។ 

ភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង ឱ្យកាន់តែល្អប្រសើរ និងឈានឆ្ពោះឡើងកម្រិតថ្មីមួយទៀត។​ បន្ទាប់ពីជំនួបពិភាក្សា ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងមជ្ឈិមសម្ព័ន្ធកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ២០២៣-២០២៨។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស