TNAOT News

· 2023-11-20

បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលចុង ខែវិច្ឆិកានេះ

#បង្កាន់ដៃនាគ# #ប្រាសាទអង្គរវត្ត# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

8641

បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្តនឹងបញ្ចប់ការជួសជុលនៅមុនដំណាច់ខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីប្រើប្រាស់រយៈពេលជួសជុល ៣ខែមក។

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក សយ សុភារិន្ទ បានឱ្យដឹងថា រយៈពេលបីខែនេះ ពោលគឺចាប់តាំងពីពាក់កណ្ដាល ខែកក្កដា មក ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង៩០ភាគរយហើយ ចំណែកការងារមួយចំនួនទៀត ដែលនៅសេសសល់មានដូចជា ការដាប់រំលីងថ្មតួខ្លួននាគថ្មី ការបុកបង្ហាប់ដីនៅតាមជើងទ្រខាងក្រោមនៃទ្រនាប់ជើងនាគ ការពារការហូរច្រោះទឹក និងការបញ្ចៀសការខូចខាតជាបន្តទៀត ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគដោយបែងចែកជា ៣ដំណាក់កាលគឺ៖

ដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរដែលស្រុត ដោយរៀបថ្មខឿន ទាំងឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ។ 

ដំណាក់កាលទី២ គឺជួសជុលក្បាលនាគដែលមិនមានលំនឹងឱ្យឈររឹងមាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគដែលបាត់បង់ផង។ 

ដំណាក់កាលទី៣ ជួសជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ រួមទាំងរចនាសម្ពន្ធនៃគ្រឿងបង្គុំនាគ ដើម្បីឱ្យខ្លួននាគរត់ត្រង់ស្មើគ្នាដូចដើមឡើងវិញ។ ក្នុងនោះការជួសជុលតួខ្លួននាគ និងក្បាលនាគសម្រេចបានប្រវែងសរុប១៨ម៉ែត្រ ផងដែរ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស