
TNAOT News
· 11-20
ដើមកំណើតរទេះគោខ្មែរ ដែលមហាជនកម្រនឹងចាប់អារម្មណ៍
#ឥណ្ឌា# #ចំណេះដឹង# #រទេះគោខ្មែរ# #ចំណេះដឹងទូទៅ# #DEVELOPING NEWS# #មីសែល ត្រាណេ#
9401
បើនិយាយពីរទេះគោ ជាពាក្យមួយម៉ាត់ដែលប្រជាពលរដ្ឋខ្មែរមិនតិចទេបានស្គាល់ ជាពិសេសប្រជាកសិករប្រកបរបធ្វើសែ្រចម្ការ ដែលពួកគាត់តែងតែយកទៅប្រើប្រាស់ជាយានជំនិះ ឬជាមធ្យោបាយដឹកជញ្ជូននូវភោគផលដំណាំនានា ដូចជាដឹកជញ្ជូនស្រូវ ដឹកអង្ករ ដឹកចម្បើង ឬសម្ភារៈផ្សេងៗទៀត។ បច្ចុប្បន្នយានជំនិះមួយនេះហាក់កំពុងបាត់បង់ជាបណ្តើរៗ ដោយជំនួសមកវិញនូវគ្រឿងចក្រ និងគោយន្តកែច្នៃទំនើបៗសម្រាប់បង្កើនការងារឲ្យរហ័សជាងមុន និងចំណេញពេលវេលាជាងមុន។ ទោះបីជាយានជំនិះមួយនេះស្ទើរតែបាត់បង់ក៏ពិតមែន ប៉ុន្តែលោកអ្នកមួយចំនួនច្បាស់ជាមិនទាន់បានដឹងនៅឡើយទេថាតើរទេះគោមានដើមកំណើតមកពីណា និងមានរឿងរ៉ាវអ្វីខ្លះ បានជាគេយកវាមកប្រើប្រាស់យ៉ាងដូច្នេះ។
បើតាមការឲ្យដឹងពីប្រវត្តិវិទូមា្នក់គឺលោកបណ្ឌិត មីសែល ត្រាណេ ជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថាដើមឡើយជនជាតិខ្មែរក្នុងសម័យអាណាចក្រនគរភ្នំ ដែលធ្លាប់ស្ថិតក្រោមឥទ្ធិពលនៃវប្បធម៍ឥណ្ឌា បានខ្ចីយានជំនិះនេះពីជនជាតិឥណ្ឌាមកប្រើប្រាស់ ចាប់តាំងពីដើមសតវត្សរ៍ទី១ នៃគ្រិស្តសករាជ និងត្រូវបានបន្តប្រើប្រាស់វាដល់ពេលបច្ចុប្បន្ននេះ។
ចំពោះដើមកំណើតនៃរទះគោនេះវិញលោកបណ្ឌិត មីសែល ត្រាណេ បានបញ្ជាក់ថា រទេះគោគ៏ធ្លាប់មានរួចហើយក្នុងប្រទេសឥណ្ឌា នាសម័យវេទនិយមរវាងឆ្នាំ១៧០០មុនគ្រិស្តសករាជ តាមរយៈឯកសារសរសេរដោយដៃមួយចំនួនដូចជា គម្ពីរមនោគមវិជ្ជា សាសនានិងក្បួនបចេ្ចកទេស ឬក្បួនសង្រ្គាមសាស្រ្តជាដើម។ នៅក្នុងប្រទេសឥណ្ឌានាសម័យនោះគេតែងតែយករទេះគោ ធ្វើជាមធ្យោបាយសម្រាប់ដឹកជញ្ជូនសម្ភារផ្សេងៗ និងរទេះសេះសម្រាប់ធ្វើសឹកសង្រ្គាមជាដើម។ យានជំនិះទាំងពីរប្រភេទនេះត្រូវបានគេឆ្លាក់នៅលើថ្មនៃប្រាង្គប្រាសាទនានាលើទឹកដីខេត្តសៀមរាបផងដែរចាប់តាំងពីឆ្នាំ១២៥ នៃគ្រិស្តសករាជមកម្ល៉េះ។
លក្ខណៈសម្បតិ្តររបស់ទេះគោឥណ្ឌាគឺត្រូវបានផ្លាស់ប្តូរទម្រង់តាមយុគសម័យនីមួយៗ តែនៅបន្តប្រើកង់ពីរដូចគ្នានាសម័យបុព្វកាលដែរ។ បន្ថែមពីលើនេះទៀតនៅក្នុងសម័យបុរេអង្គរ ក៏ដូចជាសម័យអង្គរ រទេះគោបានបំពេញតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមខែ្មរ។ រទេះគោនេះមិនត្រឹមតែជាយានជំនិះសម្រាប់ដឹកជញ្ជូនប៉ុណ្ណោះទេ ថែមទាំងមានការពាក់ព័ន្ធទៅនឹងវិស័យជំនឿសាសនាផងដែរ។ តាមរយៈចម្លាក់ប្រាសាទអង្គរវត្តនាសតវត្សរ៍ទី១២ នៃគ្រិស្តសករាជ យើងឃើញយ៉ាងច្បាស់ថារទេះដែលព្រះបាទសុរិយាវរ្ម័នទី២ គង់ប្រថាប់ពីលើនោះគឺ ជាសញ្ញាតំណាងនូវព្រះអាទិត្យ ឬព្រះសុរិយា ដែលជានិមិត្តរូបនៃសន្តតិវង្សរបស់ទ្រង់។
ម៉្យាងទៀតការសមែ្តងក្បួនទ័ពដូចជាក្នុងរឿងរាមកេរ្ដិ៍ មហាភាតរ ឬក្នុងរឿងជាតកបែបពុទ្ធនិយម រទេះគោក៏ត្រូវបានគេឃើញលើកយមកសម្តែងជាសិល្បៈផ្សេងៗផងដែរ។ ចំណែកឯក្នុងវប្បធម៌ខែ្មរបែបព្រាហ្មសាសនាវិញ កងរទេះ ឬចក្រ គឺជាអាវុធដ៏ស័ក្តិសិទ្ធិរបស់ព្រះនារាយណ៍ ពីព្រោះកងនេះជាសញ្ញាតំណាងនូវពេលវេលា ដូចជាខែនិងរដូវកាលនានាដែលមានក្នុងមួយឆ្នាំៗ ឬក៏ចំនួនថៃ្ងទាំង៣៦៥ថៃ្ង ដោយភ្ជាប់ជាមួយនឹងកាំនីមួយនៃកងចក្រនោះ ប្រៀបបានដូចជាជាអាវុធរបស់សេ្តចចក្រវាលដូច្នោះដែរ៕
សម្រួលអត្ថបទដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)