TNAOT News
· 02-12
ត្រឹមរយៈពេល ៥ខែក្រសួងបរិស្ថានបណ្តុះកូនឈើបានជាង ៤០ម៉ឺនដើម
#អ៊ាង សុផល្លែត# #NEW NEWS# #សង្គម# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម#
9294
គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយៈមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើចំនួន ៤១៦,១៦៣ដើម រួចជាស្រេច សម្រាប់ឆ្ពោះទៅសម្រេចយុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ គិតចាប់ផ្តើមពីថ្ងៃបើកយុទ្ធនាការ ១០ តុលា មកទល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីក្រសួងបរិស្ថាន បានចែកកូនឈើគ្រប់ប្រភេទ (កូនឈើប្រណិត និងឈើហូបផ្លែ) ចំនួន ២០០,៥៦២ដើម រួចជាស្រេច ទៅដល់ប្រជាពលរដ្ឋ ដើម្បីដាំស្តារព្រៃរិចរឹល ដាំនៅតាមមូលដ្ឋាន តាមសហគមន៍ ដាំនៅតាមសាលារៀន វត្តអារាមនានា។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងមានកូនឈើជាង៧០ម៉ឺនដើមក្នុងដៃ ទី១ គឺមន្ទីរបរិស្ថានបានបណ្តុះបានកូនឈើចំនួនជាង៤០ម៉ឺនដើម ទី២ គឺក្រសួងបានទទួល កូនត្នោតចំនួនជាង៣០ម៉ឺនដើម ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនក្នុង១ឆ្នាំបន្ថែមទៀត។
លើសពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រង ធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យមានប្រសិទ្ធភាព រួមមាន ការអនុវត្តច្បាប់១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្ម ធនធានធម្មជាតិ និងពង្រឹងសហការឱ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូជាសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និងបង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព៕
សម្រួលអត្ថបទដោយ៖ ម៉ារីណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)