TNAOT News

· 02-12

ករណីអគ្គិភ័យឆាបឆេះក្លឹបកំសាន្ត​មួយកន្លែង​យ៉ាងសន្ធោសន្ធៅ​ ស្ថិតក្នុងខណ្ឌចំការមន

#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ខណ្ឌចំការមន# #ព័ត៌មានសង្គម#

8807

អគ្គិភ័យបានឆាបឆេះក្លឹបកំសាន្ត​ មួយកន្លែងយ៉ាងសន្ធោសន្ធៅ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។​ ហេតុការណ៍​នេះបានកេីតឡេីងនៅវេលាម៉ោង​ ៩និង២០នាទីព្រឹក ថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ដែលស្ថិតនៅចំណុចផ្លូវចាយកា ភូមិ១៤​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។ 

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៏មានពីប្រជាពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ​ 666​ ថា​ មានករណីអគ្គិភ័យកំពុងឆាបឆេះក្លឹបកំសាន្ត​កំពុងសាងសង់ មួយកន្លែងនៅខណ្ឌចំការមន ភ្លាមៗនោះ​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ ក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យដែលនៅក្បែរទីតាំងកេីតហេតុខាងលេី​ ធ្វេីការចេញជួយអ​ន្តរាគមន៍​ ដេីម្បីបាញ់ទឹកទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងទៀត។ 

ចំពោះកិច្ចប្រតិបត្តិការខាងលេីនេះ​ កម្លាំងជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តជំនួយមកពីទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប​។ 

ក្នុងហេតុការណ៍អគ្គិភ័យនេះជាប្រភេទសំណង់​ ថ្មនឹងដែក ទំហំ​ (២៤ម៉ែត្រ​ x ៤៨ម៉ែត្រ​)​ ក្នុងនោះបណ្តាលឲ្យឆេះខូចខាតកុងផ្លាកកេរ​ ១សន្លឹកសម្ភារៈបន្តិចបន្តួច និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ដោយឡែក​ ករណីខាងលេី​ ត្រូវបានសមត្ថកិច្ចជំនាញរបស់យេីង​ ធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៩និង៥០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ​ ដោយនៅក្នុងនោះ​ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ។ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យនេះ​ បណ្តាលមកពីជាងផ្សារដែកខ្ទាតកំទេចធូកបង្កអគ្គិភ័យ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)