TNAOT News

· 02-12

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ រយៈពេល៥ថ្ងៃ មន្រ្តីផ្ដល់សេវាអត្តសញ្ញាណកម្មដល់ប្រជាពលរដ្ឋទូទាំងប្រទេសបានជាង ១៣.៣៥៧សេវា

#ប្រជាពលរដ្ឋខ្មែរ# #NEW NEWS# #អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ# #សង្គម# #អត្តសញ្ញាណកម្ម# #ព័ត៌មានសង្គម# #រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ#

9066

ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកលើការងារសេវាអត្តសញ្ញាណកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបំពេញភារកិច្ចលើការងារផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋទូទាំងប្រទេសសរុបបានចំនួន ១៣. ៣៥៧សេវា។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃថ្លែងឱ្យដឹងថា ពីចំណែកនៃសេវា ដែលបានផ្ដល់ជូនសរុបនោះ ការផ្ដល់អត្តសញ្ញាណបណ្ណមានចំនួន ៤.៩០០សន្លឹក, លិខិតឆ្លង ដែនមានចំនួន ៣.៣៦៦, លិខិតធ្វើដំណើរមានចំនួន ១.៥២៩លិខិត, សៀវភៅស្នាក់នៅ មានចំនួន ១.៨៣១ក្បាល និងសៀវភៅគ្រួសារមានចំនួន ១.៧៣១ក្បាល។

គុណភាព និងស័ក្ដិសិទ្ធិភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមទាំងសេវាអត្តសញ្ញាណកម្មដូចបានបញ្ជាក់មកនេះ គឺជាការងារអាទិភាពមួយក្នុង ចំណោមការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាកយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដៅយក និងជំរុញឱ្យមន្រ្តីបង្កើនការយកចិត្តទុកដាក់ផ្ដល់សេវា ឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមជាសេនាធិការរបស់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបាន និងកំពុងធ្វើកំណែទម្រង់ដោយដាក់ចេញការប្ដេជ្ញា ចិត្តបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ ស្របតាមទិសស្លោករបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស