Cambo-China

· 06-06

មន្ត្រីជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ទិវាបរិស្ថានពិភពលោក នៅទីក្រុងNaning ប្រទេសចិន

#អេកូឡូស៊ី# #ទិវាបរិស្ថានពិភពលោក# #សង្គម# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#

3701

ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន អញ្ជើញចូលរួមព្រឹត្តិការណ៍ ទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៤ ក្រោមប្រធានបទ «ការកែបែ្រគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» តបតាមការអញ្ជើញរបស់នាយកដ្ឋានបរិស្ថាន និងអេកូឡូស៊ី ទីក្រុងNaning តំបន់ស្វ័យយ័ត ជនជាតិជាំង ខេត្តGuangxi និងក្រសួងបរិស្ថាន និងអេកូឡូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃការថ្លែងសុន្ទកថា ឯកឧត្តម មាស សុផល បានមានប្រសាសន៍ថា «ជារៀងរាល់ឆ្នាំកម្ពុជាតែងប្រារព្ធទិវាបរិស្ថានពិភពលោក ស្របជាមួយបណ្តាប្រទេសនានាលើសកលលោកដែរ។ សម្រាប់ឆ្នាំនេះ ក្រសួងបរិស្ថានបានចូលរួមព្រឹត្តិការណ៍ទិវា៥មិថុនា នៅទីក្រុងណាននីង តំបន់ស្វយ័តខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិននាថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរួមគ្នាឆ្ពោះទៅអនាគតប្រកបដោយចីរភាព តាមរយៈការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្ដរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រហោស្ថានកម្ម ការគ្រប់គ្រងគុណភាពបរិស្ថាន ព្រមទាំងលើកកម្ពស់សុខភាពសាធារណៈ និងវិបុលភាព»។

ឯកឧត្តម បានបន្តថា ឆ្លើយតបនឹង «យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយយុទ្ធសាស្រ្តជាតិដែលមានស្រាប់ ក៏ដូចជាក្របខ័ណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ គឺ៖ ភាពស្អាត ភាពបៃតង និង ចីរភាព ការប្ដេជ្ញាចិត្តចូលរួមរបស់កម្ពុជា (NDC) និងយុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន(LTS4CN)នៅឆ្នាំ២០៥០។

ព្រឹត្តិការណ៍ ទិវាបរិស្ថាន ៥មិថុនា ឆ្នាំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម HUANG Runqiu, រដ្ឋមន្រ្ដីក្រសួងបរិស្ថាននិងអេកូឡូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ប៊ុនខាម វូរ៉ាជីត រដ្ឋមន្រ្ដីក្រសួងបរិស្ថាននិងធនធានធម្មជាតិ នៃសាធារណរដ្ឋប្រជាមានិតឡាវ ឯកឧត្តម លីវ នីង លេខាធិការគណៈកម្មាធិការបក្សកម្មុយនីសចិន នៃខេត្ត Guangxi និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជន Guangxi ឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃខេត្ត Guangxi និងស្ថាប័នពាក់ព័ន្ធប្រមាណ៥០០នាក់។ នៅក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានអញ្ជើញទៅទស្សនារោងចក្រកែច្នៃសំរាម និងសារមន្ទីរជនជាតិក្វាងស៊ីផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស