TNAOT News
· 06-08
«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» នឹងក្លាយជាកម្មវិធីរឹតចំណងមិត្តភាពកម្ពុជា-ចិនបន្ថែម
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
6607
កម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» ដែលជាព្រឹត្តការណ៍ដ៏សំខាន់មួយក្នុងកិច្ចសហការរវាងប្រទេសកម្ពុជា និងប្រទេសចិនផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ និងរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសចិនឱ្យកាន់តែស្អិតរមួតថែមទៀត ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគួនមីង ខេត្តយូណាន ប្រទេសចិន ក្រោមវត្តមាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវជឹង យៀន សមាជិកអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កម្មវិធី«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» នឹងផ្តល់ឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា យល់ដឹងអំពីភាពស្រស់ស្អាតនៃតំបន់បេតិកភណ្ឌពិភពលោកនៅប្រទេសកម្ពុជា និងនៅខេត្តយូណាន និងស្វែងយល់អំពីប្រវត្តិសាស្ត្រដ៏យូរលង់ ជាមួយនឹងវប្បធម៌ដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍។ ប្រទេសចិន និងកម្ពុជា ជាមិត្តជិតខាងនិងជាដៃគូដ៏ល្អ ដែលមានទំនាក់ទំនងមេត្រីភាពជាប្រពៃណីតាំងពីសម័យបុរាណកាលពោល និងបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នៃប្រទេសយើងទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រីប្រធានគណៈប្រតិភូកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។ កម្មវិធី«ដើរកម្សាន្តនៅយូណាន ទៅទស្សនាអង្គរ» ត្រូវបានរៀបចំឡើងដើម្បីការពង្រឹងការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ និងរស់រវើកក្នុងយុគសម័យថ្មី។ យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍, នៅឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាបានទទួលភ្ញៀវទេសចរចំនួន ៥,៤៥លាននាក់ក្នុងនោះទេសចរជនជាតិចិនមានចំនួន ៥៥ ម៉ឺននាក់ ហើយនៅ ៣ ខែដើមឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ១,៥៨លាននាក់ ក្នុងនោះទេសចរជនជាតិចិនមានចំនួន ១៩ ម៉ឺននាក់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការរៀបចំយុទ្ធនាការ និងព្រឹត្តិការណ៍ទេសចរណ៍នានារវាងកម្ពុជា-ចិន នឹងធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងឱ្យដើរកម្សាន្ត ហើយក្នុងនោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពិតជាដើរតួនាទីសំខាន់ក្នុងការបញ្ជូនសារអំពីកញ្ចប់ទេសចរណ៍ សក្តានុពលទេសចរណ៍ផ្សេងៗដល់សាធារណជន។
ទាក់ទងនឹងបញ្ហានេះ លោកជំទាវជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសកម្ពុជាក្នុងនាមជាមិត្តដែកថែប។ លោកស្រីជឿជាក់ថា កម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» នឹងធ្វើឱ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរកាន់តែមានការរីកចម្រើន។ ក្នុងពិធីបើកសម្ពោធនេះដែរ ប្រទេសកម្ពុជានិងចិនបានបង្ហាញពីសក្តានុពលទេសចរណ៍របស់ខ្លួន និងមានការសម្តែងសិល្បៈផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)