TNAOT News

· 06-11

ក្រុមជម្រើសជាតិទូកកម្ពុជាទទួលបានលេខ៦ ក្នុងការប្រកួតទូកនាគអន្តរជាតិនៅប្រទេសចិន

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

6311

ក្រុមជម្រើសជាតិកីឡាទូកនាគកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៦ ដោយមិនទទួលបានមេដាយទេ ប៉ុន្តែទទួលបានពានរង្វាន់លើកទឹកចិត្តពីការរៀបចំ ដោយក្រុមកម្ពុជាបានឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងឱាកាសចូលរួមប្រកួតកីឡាទូកនាគអន្តរជាតិកម្ពុជាបានបញ្ជូន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិទូកនាគសរុបចំនួន ២៨នាក់។ នេះបើតាមការបញ្ជាក់ពី លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិកីឡាទូកកម្ពុជា ដែលកំពុងស្ថិតនៅក្នុងទីក្រុងម៉ាកាវ ប្រទេសចិន។

លោក គង់ សុភាព បាននិយាយថា «ក្នុងការប្រកួតអន្តរជាតិនេះ ក្រុមទូកនាគកម្ពុជាបានឆ្លងកាត់ការប្រកួតតាំងពីវគ្គជម្រុះជាច្រើនប្រកួត និងចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលមាន៦ទូក ចូលរួមប្រជែងមេដាយ។ យ៉ាងណាមិញ ក្រុមកម្ពុជាបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយនេះក៏ជាលទ្ធផលល្អមួយ សម្រាប់ការខិតខំអស់ពីលទ្ធភាពរបស់ក្រុមកម្ពុជា ដោយសារការចូលរួមនេះមានក្រុមជម្រើសជាតិខ្លាំងកម្រិត ASIAN Games។ យ៉ាងណា តាមរយៈលទ្ធផលនេះ ក្រុមកីឡាទូកកម្ពុជា នឹងបន្តការខិតខំបន្ថែមទៀត ដើម្បីសម្រួចការអភិវឌ្ឍ ត្រៀមឆ្ពោះទៅចូលរួមការប្រកួតអន្តរជាតិនានា នាពេលខាងមុខ ជាពិសេសគោលដៅត្រៀមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ»។ ចំពោះលទ្ធផល នៃការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ (2024 SJM Macao International Dragon Boat Races) នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន ក្រុមទូកនាគកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ព្រឹត្តិការណ៍កីឡាទូកអន្តរជាតិនេះ មានក្រុមចូលរួម ចំនួន៣២ក្រុម លើវិញ្ញាសា ៥០០ម៉ែត្រ ចំណុះ២២នាក់។ ចំពោះក្រុមដែលទទួលបានចំណាត់ថ្នាក់មេដាយ រួមមាន៖ លេខ១ មេដាយមាស ក្រុមកីឡាទូកនាគប្រទេសចិន, លេខ ២ មេដាយប្រាក់ ក្រុមកីឡាទូកនាគប្រទេសថៃ, លេខ ៣ មេដាយសំរឹទ្ធ ក្រុមកីឡាទូកនាគចិនម៉ាកាវផងដែរ៕  


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស