TNAOT News

· 2024-07-17

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីប្រសិទ្ធនាមឈ្មោះផ្លូវ "មហាវិថី ស៊ី ជីនពីង" នៅថ្ងៃទី១៩ ខាងមុខនេះ

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #រដ្ឋបាលរាជធានីភ្នំពេញ# #មហាវិថី ស៊ី ជីនពីង#

7119

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ "មហាវិថី ស៊ី ជីនពីង" នៅរង្វង់មូលមហាវិថី ឈ្នះ ឈ្នះ ខាងត្បូងនៃស្ពានអាកាសផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថី ស៊ី ជីនពីង ចាប់ពីចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ បត់ទៅខាងត្បូងតាមមហាវិថី ឈ្នះ ឈ្នះ ដល់រង្វង់មូលខាងត្បូងនៃស្ពានអាកាសផ្លូវជាតិលេខ៤ បន្តរហូតដល់ផ្លូវបំបែកផ្លូវល្បឿនលឿន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាបយោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញផងដែរ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)