TNAOT News

· 08-26

ផលិតករចិន ចាប់អារម្មណ៍ចំពោះមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

5395

ការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ដែលមិនត្រឹមតែជាវេទិការសម្រាប់ប្រគល់ពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនី ប៉ុណ្ណោះទេ តែគឺវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ ព្រមទាំង រឿងរ៉ាវជាច្រើន តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ហើយសកម្មភាពនេះគឺក៏បានរួមចំណែកក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ ក្នុងវិស័យភាពយន្តរវាងកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ជាពិសេសជួយបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងកម្មវិធីក្រាលព្រំក្រហមនៃមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង ភ្ញៀវកិត្តយសមកពីសមាគមន៍សិល្បករ ផលិតកម្ម ក្រុមហ៊ុនចែកចាយ និងភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប្រមាណ ៦០០នាក់។

ជាមួយគ្នានេះ លោក Malcolm Clarke ប្រធានមេប្រយោគនៃមហោស្រពភាពយន្តកម្ពុជាអាស៊ី បាននិយាយថា «ប្រទេសចិនចាប់អារម្មណ៍ជាងគេចំពោះមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៤ នេះ។ ហើយកម្មវិធីនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ជាពិសេសលើវិស័យភាពយន្ត និងជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្ត ជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត»។

ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តម សោម សុគន្ធ ក៏បានមានប្រសាសន៍ថា «ភាពយន្តរបស់ខ្មែរ មានគុណភាពខ្ពស់ បានទាក់ចិត្តផលិតករចិនឲ្យចាប់អារម្មណ៍ជាងគេ។ ដោយសារប្រទេសចិន គឺជាទីផ្សារធំ នៅពេលដែលភាពយន្តខ្មែរ វាយលុកទីផ្សារប្រទេសចិនមួយបាន នោះអាស៊ីទាំងមូល ក៏នឹងអាចយល់ដឹងអំពីភាពយន្តរបស់ខ្មែរដែរ»។

មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ ឆ្នាំ២០២៤ នេះ បានរៀបចំនូវពានរង្វាន់សរុបទាំងអស់១៩ ក្នុងនោះកម្ពុជាក៏ទទួលបានពានរង្វាន់ចំនួន ៤ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស