TNAOT News

· 08-30

ឯកអគ្គរដ្ឋទូតចិន៖ យុវជន គឺជាតំណាងអនាគតនៃចំណងមិត្តភាពរវាងកម្ពុជា និងចិន

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

4765

រាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានយកចិត្តទុកដាក់លើវិស័យអប់រំ យុវជន និងកីឡា នៅកម្ពុជា ដោយបន្ដការផ្ដល់អាហារូបករណ៍ដែលមានគុណភាពខ្ពស់ជូនដល់និស្សិតកម្ពុជា ព្រោះយុវជនគឺតំណាងអនាគតរបស់ប្រទេសជាតិ យុវជនក៏ជាតំណាងអនាគតនៃចំណងមិត្តភាពរវាងកម្ពុជា និងចិន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាង វិនពិន ក៏បានបញ្ជាក់ថា ភាគីចិននឹងបន្តជួយហ្វឹកហ្វឺនដល់កីឡាករ កីឡាការិនីកម្ពុជា ដោយអនុញ្ញាតឱ្យកីឡាករ កីឡាការិនី មានឱកាសទៅហ្វឹកហាត់បន្ថែមនៅឯប្រទេសចិនឬបញ្ចូនគ្រូបង្វឹកពីប្រទេសចិនមកបង្រៀននៅប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហង់ ជួនណារ៉ុន ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការតែងតាំង ឯកឧត្តម វ៉ាង វិនពិន ជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយបទពិសោធន៍ និងភាពឈ្លាសវៃរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតក្នុងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនឹងកាន់តែរឹងមាំ ស៊ីជម្រៅ និងសម្បូរបែបលើគ្រប់វិស័យ។ ឆ្នាំនេះគឺជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដូច្នេះយុវជន ក៏ជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ដែលតែងតែគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងផ្តល់គម្រោងជំនួយជាច្រើនដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយក្នុងនោះរួមមាន ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ការអប់រំនៅកម្ពុជាជាច្រើនបន្តបន្ទាប់ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស