TNAOT News
· 09-04
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤
#គ្រឹះស្ថានអង្គរ# #អង្គភាពCMAC# #ប្រទេសឥណ្ឌា# #សង្គម# #មូលនិធិជនពិការ# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍សំខាន់#
6279
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទនៅជិតប្រាសាទ និងដកគោលដៅត្រួតពិនិត្យសំបុត្រតាមដងផ្លូវ
គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនលក់សំបុត្រ នៅជិតទីតាំងប្រាសាទ ដែលភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រដោយខ្លួនឯងបាន និងជ្រើសរើសក្រុមប្រាសាទ ដែលពួកគាត់ចង់ទស្សនា។
២. អាល្លឺម៉ង់ ផ្តល់ជំនួយប្រមាណជាង ៣លានដុល្លារ ដល់អង្គភាពCMAC សម្រាប់ប្រតិបត្តិការដោះមីន
រដ្ឋាភិបាលសាធារណរដ្ឋសហពន្ធ័អាល្លឺម៉ង់ ផ្តល់ជំនួយចំនួនជាង ៣លានដុល្លារអាម៉េរិក ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់ សម្រាប់សកម្មភាពបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យសម្រាប់រយ:ពេល២ឆ្នាំ។
៣. មូលនិធិជនពិការអំពាវនាវដល់បុគ្គលដើររៃថវិកាតាមស្ដុប និងទីកន្លែងសាធារណៈ ឲ្យឈប់ប្រើឈ្មោះ «មូលនិធិជនពិការ» នៅលើហិប ឬផ្ទាំងបដា
មូលនិធិជនពិការ អំពាវនាវដល់បុគ្គលដើររៃថវិកាតាមស្ដុប និងទីកន្លែងសាធារណៈនានា ប្រើប្រាស់ឈ្មោះ «មូលនិធិជនពិការ» បិទនៅលើហិបរៃអង្គាស សូមបញ្ឈប់ការប្រើប្រាស់ឈ្មោះមូលនិធិនេះជាបន្ទាន់ ប្រសិនបើមិនចង់ប្រឈមជាមួយផ្លូវច្បាប់។
៤. ប្រជាពលរដ្ឋខ្មែរ ដែលចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បានយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី ដាក់ស៊ុមយ៉ាងស្អាត
ប្រជាពលរដ្ឋខ្មែរ ដែលចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បានយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី ដាក់ស៊ុមយ៉ាងស្អាត ដែលនេះសបញ្ជាក់ពីស្មារតីពេញចិត្តស្រលាញ់ និងឲ្យតម្លៃខ្ពស់ទៅកាន់រាជរដ្ឋាភិបាល និងប្រទេសជាតិយើងទាំងមូល។
៥. ត្រឹម២ថ្ងៃ ភ្លៀងមូសុង បានសម្លាប់ប្រជាជនរាប់សិបនាក់នៅឥណ្ឌា និងប៉ាគីស្ថាន
ភ្លៀងមូសុង បង្កជាទឹកជំនន់ដ៏ខ្លាំងក្លា បានសម្លាប់មនុស្សរហូតដល់ ៣៣នាក់នៅភាគខាងត្បូង ប្រទេសឥណ្ឌា និងកុមារ ៥នាក់នៅក្នុងប្រទេសប៉ាគីស្ថាន ត្រឹមរយៈពេលពីរថ្ងៃតែប៉ុណ្ណោះ។
៦. ច្បាប់ថ្មី «សិទ្ធិក្នុងការផ្តាច់ទំនាក់ទំនង» ក្រោយម៉ោងការងាររបស់អូស្ត្រាលី ត្រូវបានចូលជាធរមានហើយ!
ច្បាប់ថ្មីរបស់ប្រទេសអូស្ត្រាលីគឺ និយោជិត កម្មករ មានសិទ្ធិមិនឆ្លើយតបចំពោះនិយោជក (ប្រធាន ឬមេ) របស់ខ្លួន នៅក្រោយម៉ោងធ្វើការបាន "សិទ្ធិក្នុងការផ្តាច់ទំនាក់ទំនង"។ ច្បាប់នេះបានចូលជាធរមានកាលនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។
៧. នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រំលឹកបងប្អូនកុំឲ្យចាញ់បោកជនឆ្លៀតឱកាសផ្សាយលក់នាឡិការក្នុងតម្លៃថោក
នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថា មានគណនីតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្ត នូវតំណរភ្ជាប់បោកបញ្ឆោត ឬការផ្សាយពាណិជ្ចកម្មបោកបញ្ឆោត អំពីការលក់នាឡិការ Smart Watch S9 ដែលមានតំលៃថោកជាងទីផ្សារច្រើន។
៨. គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ២៥%
គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរៀបចំសាងសង់ជាពីរប្រភេទ មានផ្លូវកៅស៊ូDBST និងផ្លូវបេតុង ដោយតភ្ជាប់ពីភូមិដំរីផុង ឃុំកោះសំពាយ ទៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានប្រវែងសរុប ១៥ ៧៥០ម៉ែត្រ។
៩. ប្រាសាទនគរបាជ័យ ជាទីតាំងទេសចរណ៍ប្រវត្តិសាស្រ្ត ក្នុងខេត្តកំពង់ចាម
ប្រាសាទនគរបាជ័យមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាមចម្ងាយ២គ.ម ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយសរុប១២២គ.ម ពីរាជធានីភ្នំពេញ។ ប្រាសាទនេះស្ថាបនាដោយព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។
១០. អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន ដែលកំពុងរងការខូចខាតរចនាសម្ពន្ធមួយចំនួនឱ្យបានរឹងមាំឡើងវិញ។
យោងតាមអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ប្រាសាទអូរផ្អុង ដែលកសាងឡើងពីឥដ្ឋ បច្ចុប្បន្ន មានស្នាមប្រេះហែកកាន់តែធំធ្វើឱ្យដុំឥដ្ឋជាច្រើនប្រឈមនឹងជ្រុះធ្លាក់ ហើយជញ្ជាំងឥដ្ឋផ្នែកខ្លះក៏កំពុងជ្រុះធ្លាក់ដែលអាចឈានទៅបាត់ទម្រង់ដើមនៃប្រាសាទ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)