Cambo-China
· 09-05
កម្ពុជាបើកចំហរ និងស្វាគមន៍អ្នកវិនិយោគមកលើការកែច្នៃកសិផលកម្ពុជា
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2733
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានលើកឡើងថា កម្ពុជាបើកចំហរ និងស្វាគមន៍អ្នកវិនិយោគមក លើការកែច្នៃកសិផលកម្ពុជាដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ ដែលមានគុណភាពល្អប្រណិត មានរសជាតិឆ្ងាញ់ ដែលអ្នកវិនិយោគចិនអាចពិចារណាវិនិយោគនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា លើកឡើងដូចនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះវត្តមាន ឯកអគ្គរដ្ឋទូតចិនដែលបានមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ ក្នុងនោះក៏មានវិស័យកសិកម្មតាមរយៈច្រកមច្ឆានិងអង្ករ (Rice and Fish Corridor) សម្រាប់ការអភិវឌ្ឍកសិកម្មរវាងប្រទេសទាំងពីរឱ្យទទួលបាននូវប្រសិទ្ធភាព និងមានលទ្ធផលផ្លែផ្កា។ឯកឧត្តម ឌិត ទីណា បានលើកឡើងទៀតថា តាមរយៈការវិនិយោគនៅកម្ពុជាដោយផ្ទាល់ អ្នកវិនិយោគនឹងទទួលបានផលចំណេញទាំងនៅលើទីផ្សារចិននិងទីផ្សារអន្តរជាតិ និងអាចជួយលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជាថែមទៀត។ ហើយឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះទស្សនកិច្ចរបស់អ្នកជំនាញកសិកម្មចិន មកកាន់កម្ពុជា ដើម្បីចែករំលែកបទពិសោធនិងផ្ទេរចំណេះដឹងថ្មីៗនៅក្នុងវិស័យកសិកម្ម មកដល់មន្ដ្រីជំនាញកម្ពុជា ដោយក្រសួងនឹងជួយគាំទ្រ ក៏ដូចជាសម្របសម្រួលទាំងផ្លូវច្បាប់ និងបច្ចេកទេស ដើម្បីឱ្យការងារនេះ ដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងសុទិដ្ឋិនិយមខ្ពស់ និងអរគុណចំពោះឯកអគ្គរដ្ឋទូតចិន ដែលយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត និងជំរុញច្រកមច្ឆានិងអង្ករ (Rice and Fish Corridor) ឱ្យចេញជារូបរាងពិតប្រាកដ ឆាប់រហ័ស និងទទួលបាននូវសមិទ្ធផលជូនប្រជាជននិងប្រជាជាតិទាំងពីរ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
គណៈប្រតិភូចិនដែលមានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅលើទឹកដី កម្ពុជា
គណៈប្រតិភូចិនដែលមានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅលើទឹកដីកម្ពុជា
សកម្មភាពក្រុមការងារសារព័ត៌មាន TNAOT ចូលរួមពិធីបើកជាផ្លូវការនៃកិច្ចប្រជុំលើកទី៦ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គនិងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ការណែនាំពិសេស
យោបល់ទាំងអស់ (0)