TNAOT News
· 10-01
រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនកើនឡើង៤៧,៧% បើធៀបឆ្នាំចាស់
#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#
5429
កាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤៥លាននាក់ ក្នុងនោះ ទេសចរជនជាតិចិនមានប្រមាណជាង ៥៤ម៉ឺននាក់ ខណៈក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៤,២៩លាននាក់ កើនឡើង ២២,៥% ក្នុងនោះទេសចរជនជាតិចិនមានប្រមាណជិត ៥៤ម៉ឺននាក់ កើនឡើង ៤៧,៧%។ នេះបើតាមលទ្ធផលជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្តីក្រសួងទេសចរណ៍ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ទំនាក់ទំនងការទូតដែលមានរយៈពេល៦៦ឆ្នាំ ជាមិត្តភាពដែកថែប និង«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយឈរលើគោលការណ៍សមធម៌ ការជឿទុកចិត្ត គោរព យោគយល់គ្នា គោរពអធិបតេយ្យ និងឯករាជ្យភាព ដើម្បីផលប្រយោជន៍រួម។ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើន និងល្អប្រសើរលើគ្រប់វិស័យ។ ជាពិសេសវិស័យទេសចរណ៍ដោយឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្លាស់ប្ដូរកិច្ចពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការសហការកន្លងមកបានយ៉ាងល្អប្រសើរក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងប្រទេសចិន រួមទាំងយន្តការ លើកទឹកចិត្តជាច្រើនដល់វិស័យឯកជន ជាពិសេសលើវិស័យទេសចរណ៍ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ដើម្បីទាក់ទាញភ្ញៀវទេសចរចិនកមកម្សាន្តនៅកម្ពុជាឲ្យបានកាន់តែច្រើនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)