TNAOT News

· 10-01

ព្រះករុណា ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យនឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស

#កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី# #NEW NEWS# #សង្គម# #ប្រទេសបារាំង# #ព័ត៌មានសង្គម# #ព្រះមហាក្សត្រកម្ពុជា#

5693

តបតាមការសូមយាងរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គនឹងយាងថ្លែងព្រះរាជសុន្ទរកថាបិទ ជាមួយនឹង ឯកឧត្តមប្រធានាធិបតី Macron និងលោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ អំឡុងពេលដែលព្រះអង្គគង់នៅក្នុងទីក្រុងប៉ារីស ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គនឹងព្រះរាជទានព្រះរាជសវនាការទ្វេភាគីជាមួយនឹង ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងបារាំង។អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងកិច្ចប្រជុំនេះ រួមមាន សម្តេច មហាមន្ត្រី គុយ សុផល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តម ស្រី ណូរី នាយកព្រះរាជ ខុទ្ទកាល័យ ព្រះមហាក្សត្រ និង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រោមមូលបទ "ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង" កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជាការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។

គោលបំណងមួយនៃកិច្ចប្រជុំកំពូលនេះ គឺដើម្បីបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើង វិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស