Cambo-China

· 2024-10-27

ថ្នាក់ដឹកនាំសភាកម្ពុជា-ចិន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2614

ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញទៅដល់ក្រុងហ្វូចូវ ខេត្តហ្វូជាន ដោយសុវត្ថិភាព នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម វង សូត បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូ ជូអ៊ី លេខាធិការបក្សកុម្មុយនិស្តចិនខេត្តហ្វូជាន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តហ្វូជាន ឯកឧត្តម ចូ ជូអ៊ី ផងដែរ។

 ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងឯកឧត្តម ចូ ជូអ៊ី បានឯកភាពគ្នាក្នុងការជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា និងខេត្តហ្វូជាន ឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តម ចូ ជូអ៊ី បានជម្រាបជូនគណៈប្រតិភូកម្ពុជា អំពីការអភិវឌ្ឍ និងសក្តានុពលនៃខេត្តហ្វូជាន ដែលជាខេត្តមួយធ្លាប់ត្រូវបានដឹកនាំដោយផ្ទាល់ពី ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។ ឯកឧត្តម បានបន្តថា សព្វថ្ងៃខេត្តហ្វូជាន មានការអភិវឌ្ឍយ៉ាងខ្លាំង និងមានហេដ្ឋារចនាសម្ព័ន្ធសំបូរបែប និងកំពុងតែជំរុញអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល តាមការចង្អុលបង្ហាញពី ឯកឧត្តម ស៊ី ជីនពីង ផងដែរ។

ឯកឧត្តម ចូ ជូអី សង្ឃឹមថា ឯកឧត្តម វង សូត និងគណៈប្រតិភូ នឹងបានទស្សនាកំសាន្តខេត្តហ្វូជាន ជាមួយទិដ្ឋភាពដ៏ស្រស់ស្អាត ព្រមទាំងសិក្សាស្វែងយល់ពីការអភិវឌ្ឍនៃខេត្តនេះ។

ជាការឆ្លើយតប ឯកឧត្តម វង សូត បានសំដែងការកោតសរសើរចំពោះការអភិវឌ្ឍជឿនលឿននៃខេត្តហ្វូជាន។ ឯកឧត្តម ក៏បានបង្ហាញភាពស្ញប់ស្ញែងចំពោះ ការដឹកនាំរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកបដោយទស្សនៈវែងឆ្ងាយ ដោយឯកឧត្តមនៅតែបន្តពិនិត្យ និងផ្តល់អនុសាសន៍ជំរុញការអភិវឌ្ឍខេត្តហ្វូជាននេះ។ ឯកឧត្តម វង សូត ក៏បានលើកឡើងពីការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន ដែលនេះបានឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងការជ្រើសរើសយក ឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា គណៈប្រតិភូរដ្ឋសភាកម្ពុជានឹងបន្តធ្វើដំណើរទៅកាន់ស្រុកណានពីង នៃខេត្តហ្វូជាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ដែលរៀបចំនៅទីនោះ៕

សម្របសម្រួលត្ថបទដោយ៖​ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស