TNAOT News

· 10-30

ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធីមហាមីទ្ទិញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ព្រះរាជពិធីមហាមីទ្ទិញ# #ព្រះមហាក្សត្រកម្ពុជា#

4097

ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធីមហាមីទ្ទិញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ព្រះរាជពិធីមហាមីទ្ទិញ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ អង្គទូត និងព្រះញាតិវង្សានុវង្ស និងមន្ត្រីរាជការជាច្រើនរូបទៀត។ក្នុងឱកាសព្រះរាជពិធីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលថា ក្នុងព្រះបរមនាមព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងនាមព្រះអង្គផ្ទាល់ ព្រះអង្គមានហឬទ័យរីករាយឥតឧបមាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រី អ្នកម្នាងឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ ឯកឧត្តម លោកជំទាវជាឯកអគ្គរាជទូត រដ្ឋទូត និងប្រិយមិត្តបរទេសដែលបានចូលរួមប្រារព្ធមហាមិទ្ទិញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះអង្គដ៏មហោឡារិកនាពេលនេះ។

ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក៏បានកោតសរសើរដ៏ស្មោះចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហារដ្ឋសភាធិការបតី ប្រធានរដ្ឋសភា សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំនៃគ្រប់ក្រសួង ស្ថាប័ន ដែលបានផ្ដួចផ្ដើមរៀបចំមហាមិទ្ទិញខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាមានស្ថិរភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាយ៉ាងពេញលេញ និងស្របពេលវេលាដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមយ៉ាងសកម្មតាមតួនាទីរបស់ខ្លួន។ ព្រះអង្គបានរំលឹកផងដែរថា រយៈពេលកន្លងមក មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋ បានប្រែប្រួលមុខមាត់ថ្មីគួរឲ្យកោតសរសើរ។នៅក្នុងឱកាសនេះ ព្រះករុណាព្រះមហាក្សត្រកម្ពុជា បានអំពាវនាវចំពោះប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ ដោយព្រះអង្គបន្តថា មហាសាមគ្គីជាតិទាំងមូលនេះ ជាមូលដ្ឋានធ្វើឲ្យស្ថានភាពសង្គមជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាប្រភពកំណត់នៃការអភិវឌ្ឍលើវិស័យនានាជាពិសេសវិស័យសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស