Cambo-China

· 11-07

ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីកវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មខ្លួននៅក្នុងតំបន់

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

3113

ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group លោក Yuan Zhongxue បង្ហាញបំណងពង្រីកវិនិយោគមួយចំនួននៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់។

លោក Yuan Zhongxue ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួប ប្រធានកិត្តិយសក្រុមហ៊ុនបានជម្រាប សម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ​ ក៏ដូចជាកិច្ចសហការរបស់ក្រុមហ៊ុនជាមួយនឹងស្ថានប័នមួយចំនួនរបស់កម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ លោកក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយផ្ដោតទៅលើ ការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ ដែលមានដូចជាសំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងបង្កើតសួនឧស្សាហកម្មសម្រាប់​ខ្សែ​ច្រវាក់​ផលិតកម្ម​នៃ​ឧស្សាហកម្ម​កែច្នៃ​កៅស៊ូ​ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ និងគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួន​ បង្កើតឲ្យមាននូវប្រព័ន្ធអេកូស៊ីស្ទឹមពេញលេញនៅក្នុងការផលិតសំបកកង់រថយន្តនៅក្នុង​សួន​ឧស្សាហកម្ម​នេះ ដែលគឺជាចំណុចមួយដ៏ល្អ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យគិតគូរទៅដល់ការបង្កើតនូវខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក ក៏ដូជាទីផ្សារអន្តរជាតិផងដែរ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការ និងពិភាក្សាបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយគោលបំណងពង្រីកការវិនិយោគនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងផងដែរ៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស