TNAOT News

· 11-27

កម្មវិធីផ្លាស់ប្ដូរការសិក្សារវាងនិស្សិតនៃសាកលវិទ្យាល័យដ៏ល្បីចំនួន២ក្រោមប្រធានបទ៖ «ផែនការនិស្សិតឆ្នើមសិក្សានៅបរទេសរាប់ពាន់នាក់»

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

2660

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំកម្មវិធីការផ្លាស់ប្ដូរការសិក្សារបស់និស្សិតនៃសាកលវិទ្យាល័យ Qiannan Normal University សាកលវិទ្យាល័យ Qiannan Medical University នៃខេត្តគួយចូវ រយៈពេល១៤ថ្ងៃ ក្រោមប្រធានបទ៖ ផែនការនិស្សិតឆ្នើម រាប់ពាន់នាក់ សិក្សានៅបរទេស។


កម្មវិធីនេះរៀបចំឡើងដោយសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន និងសាលារៀនស្ទេប ហ្វរវើដ អន្តរជាតិ ដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំនៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយមានកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សា មធ្យមសិក្សា និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅកម្ពុជាផងដែរ។


សាស្រ្តាចារ្យបណ្ឌិត ឈុន ហុក សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទមានប្រសាសន៍ថា៖«សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងនិស្សិតចិនដែលបានអញ្ជើញមកពីសាលកលវិទ្យាល័យ ទាំងពីរពីប្រទេសចិន មកបំពេញកម្មសិក្សានៅ ព្រះរាជាណាចក្រកម្ពុជាយើងខ្ញុំ»។


ក្នុងនាម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាម្ចាស់ផ្ទះ បានរៀបចំកម្មវិធីសិក្សា និងសកម្មភាពនានា ស្ដីពីការយល់ដឹងពីវប្បធម៌ និងសីលធម៌ខ្មែរ ប្រវត្តិទីក្រុងភ្នំពេញ តំបន់ទេសចរណ៍ជាដើម នឹងបានត្រៀមខ្លួនរួចជាស្រេច តាមការសម្របសម្រួល និងសហការពីសមាគមសហប្រតិបត្តិការ ដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន និងសាលារៀនស្ទេប ហ្វរវើដ អន្តរជាតិ ក្រោមគោលដៅរួមគឺ បង្ហាញពីភាពរីកចំរើន សន្ដិភាពជាតិ និងសុវត្ថិភាពសាធារណៈ ដល់ប្រតិភូ និងនិស្សិតចិនទាំងអស់ ដែលស្របតាម គោលនយោបាយរបស់ ថ្នាក់ដឹកនាំនៃ ប្រទេសកម្ពុជា-ចិន ពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។


លោកសាស្ដ្រាចារ្យបានបន្ដទៀតថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតឡើងក្នុងឆ្នាំ ១៩៦០ បានបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើន រួមទាំងថ្នាក់ដឹកនាំកំពូលៗ ក្នុងជួររដ្ឋាភិបាលជាច្រើនរូប នាបច្ចុប្បន្ននេះ ដែលប្រៀបបាននឹង សាកលវិទ្យាល័យប៉េកាំង និងសាកលវិទ្យាល័យ ឈីង ហ័រ ដ៏ល្បីល្បាញក្នុងប្រទេសចិន នោះដែរ។


លោក ថាន ណូរ៉ា នាយករដ្ឋបាល និងធនធានមនុស្ស តំណាង លោក សរ រិទ្ធី ប្រធានសមាគមសហប្រតិការដើម្បីជំរុញការអប់រំ កម្ពុជា អាស៊ាន ចិន បានមានប្រសាសន៍ថា៖ កម្មវិធីផ្លាស់ប្តូរការសិក្សា នេះ គឺស្របពេលកម្ពុជាចិនបានកំណត់យកឆ្នាំ២០២៤នេះ ជាឆ្នាំមិត្តភាពផ្លាស់ប្តូរប្រជាជន និងប្រជាជន គោលបំណងកម្មវិធីផ្លាស់ប្តូរការសិក្សានេះ គឺដើម្បីផ្តល់ដល់ឱកាសដល់និស្សិតបរទេសបានសិក្សាស្វែងយល់អំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្រ្តខ្មែរ និងតំបន់ទេសចរណ៍នានា ដែលជាកេរមរតកដ៏សម្បូរបែបដែលបុព្វបុរសខ្មែរបានបន្សល់ទុកមក។ ហើយក៏បានផ្តល់ឱកាសឱ្យសាកលវិទ្យាល័យចិន និងសាកលវិទ្យាល័យកម្ពុជា បានផ្លាស់ប្តូរការអប់រំជាលក្ខណៈអន្តរជាតិ ជាពិសេសបានផ្តល់ឱ្យគណៈគ្រប់គ្រងស្ថាប័នអប់រំ បានបង្កើតឱកាសសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទល់មុខគ្នា ហើយក៏នឹងក្លាយជាវេទិកាមិត្តភាពដើម្បីលើកកម្ពស់ការអប់រំ និងវប្បធម៌ ផ្លាស់ប្តូររវាងកម្ពុជា ចិន ផងដែរ និងពិនិត្យលទ្ធភាពក្លាយជាដៃគូរសហការគ្នានាពេលអនាគតផងដែរ។


លោក ចូវ ជាំង នាយកសាលាស្ទេបហ្វរវើដអន្តរជាតិ បានមានប្រសាសន៍ថា៖ តាមរយៈកិច្ចសហការជាមួយសាកលវិទ្យាល័យល្បីៗ និងដឹកនាំនិស្សិតកម្ពុជាទៅធ្វើទស្សនៈកិច្ចសិក្សា នៅសាកលវិទ្យាល័យជាច្រើន ក្នុងប្រទេសចិនកន្លងមក នេះជាលើដំបូង និងជាប្រវត្តិសាស្ដ្រដែលប្រតិភូ និងនិស្សិតចិននៃខេត្តគួយចូវ បានមកបំពេញកម្មសិក្សាក្នុងទឹកដីកម្ពុជា ដែលជាកិច្ចខិតខំ ប្រឹងប្រែង នៃទំនាក់ទំនងការទូត និងផ្ដួចផ្ដើមដោយ សាលាស្ទេបហ្វរវើដអន្តរជាតិ សហការជាមួយសមាគមសហប្រតិការដើម្បីជំរុញការអប់រំ កម្ពុជា អាស៊ាន ចិនរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។


លោក ចូវ ជាំង បានបន្ដថា ខ្ញុំនឹង ខិតខំ បន្ថែមទៀត ដើម្បីបន្ដសកម្មភាពអប់រំ ក្នុងការផ្សារភ្ជាប់ គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា នៃប្រទសកម្ពុជា-ចិន អោយមានគម្រោងនៃ កិច្ចសហប្រតិបត្តិការកាន់តែច្រើន និងកាន់តែជិតស្និទ្ធ ប្រៀបបាននឹង ចំណងមិត្តភាពដែកថែប នៃប្រទេសទាំងពីរ ដើម្បីផ្ដល់ឱកាសការសិក្សា ស្វែងយល់ពីប្រពៃណី វប្បធម៌ អក្សរសាស្រ្តខ្មែរ-ចិន និងតំបន់ទេសចរណ៍ ដល់និស្សិតកម្ពុជា-ចិន កាន់តែច្រើន។


លោក Wang zhu ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការ និងគម្រោងអន្ដរជាតិ តំណាងសាកលវិទ្យាល័យQiannan Normal University of Nationalities បានមានប្រសាសន៍ថា ៖ មន្ទីរអប់រំខេត្តគួយចូវ បានផ្ដួចផ្ដើម និងដឹកនាំគម្រោង “ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់” នេះ ធ្វើនៅប្រទេសនានាជាច្រើនកន្លងមកហើយ តែនេះជាលើកទីមួយ ដែលនិស្សិតសាកលវិទ្យាល័យ នៃខេត្តគួយចូវរបស់យើង បានមកបំពេញទស្សនៈកិច្ច ក្នុងប្រទេសកម្ពុជា ដោយការស្វាគមន៍យ៉ាងកក់ក្ដៅពី ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


ក្នុងនាមសាកលវិទ្យាល័យ តំណាងអោយមន្ទីរអប់រំ នៃខេត្តគួយចូវ សូមកោតសរសើរដល់ការរៀបចំ កម្មវិធី ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ដល់ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន និងសាលារៀនស្ទេប ហ្វរវើដ អន្តរជាតិ ជាដៃគូរសហការយ៉ាងជិតដិតកន្លងមក។


លោក Wang Zhu បានបន្ដទៀតថា សាកលវិទ្យាល័យQiannan Normal University of Nationalities នឹងពង្រីងវិសលភាព នៃកម្មវិធីនេះ រឺគម្រោងផ្សេងទៀតរបស់ មន្ទីរអប់រំខេត្តគួយចូវ មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន តាមរយៈកិច្ចសហប្រតិបត្តិនាលើវិស័យអប់រំ តួយ៉ាង គម្រោងផ្ដល់អាហារូបករណ៍ និងទស្សនៈកិច្ចផ្សេងទៀតមកកាន់ និស្សិតកម្ពុជាកាន់តែច្រើន បាននឹងទៅសិក្សានៅប្រទេសចិន នាពេលអនាគត៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស