TNAOT News

· 11-27

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤

#ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#

4801

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖ 

១. រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាន បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ក្នុងការសង្គ្រោះ និងលើកកម្ពស់វិស័យសំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក៏ដូចជាជួយដល់ប្រជាជនដែលជាម្ចាស់អចលនទ្រព្យក្នុងបុរី និងត្រៀមជាម្ចាស់អចលនទ្រព្យថ្មីក្នុងបុរី។

២. ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណដើម្បីលក់គម្រោងអភិវឌ្ឍន៍ផ្សារជីស៊ីអូរឬស្សី 

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចេញសេចក្តីជូនដំណឹងថ្មីមួយដោយបញ្ជាក់ថា ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុដើម្បីលក់គម្រោង «ផ្សារ ជីស៊ី អូរឫស្សី» ហើយ។

៣. ឯកឧត្តម ខៀវ កាញារីទ្ធ ចែករំលែកពីរបៀបពាក់ស្បែកជើងចូលក្នុងពិធីផ្លូវការ

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា «កាលពីជិតម្ភៃឆ្នាំមុន ខ្ញុំបាននិយាយពីការពាក់ស្បែកជើងក្នុងពិធីការម្តងហើយៗក៏មានអ្នកអរគុណ តែក៏មានអ្នកជេរច្រើនដែរ ដោយថាខ្ញុំចេះតែអួតអាងបង្អាប់គ្នាឯង។ ពេលនេះក៏សុំនិយាយម្តងទៀតចុះ ព្រោះចាស់ហើយគ្មានអ្វីបន្សល់ក្រៅពីការចេះដឹងបន្តិចបន្តួច ដែលចំណេះដឹងខ្លះអាចហួសសម័យដែរ។ ខ្ញុំតែងប្រាប់មន្ត្រីធ្វើការរបស់ខ្ញុំនៅពេលទស្សនកិច្ចក្រៅប្រទេសពីបម្រើបម្រាស់ស្បែកជើងចងខ្សែ ( ពាក្យ shoes ជាភាសាអង់គ្លេសគឺស្បែកជើងចងខ្សែ )។ នៅក្នុងរូបនេះ គណប្រតិភូស៊ែរប៊ីសុទ្ធតែពាក់ស្បែកជើងចងខ្សែ ដែលបានបង្ហាញពីការគោរពឥស្សរជនម្ចាស់ផ្ទះ ( តែក្នុងពិធីការផ្លូវការគេមិនពាក់ស្បែកជើងពណ៌ត្នោតទេ ដូចពាក្យគេតែងនិយាយថា No Brown In Town )។ ហើយពីដើម នៅក្នុងអនុក្រឹត្យនិយាយពីឯកសណ្ឋានផ្លូវការ គេតែងបញ្ជាក់ច្បាស់ថា«ស្បែកជើងចងខ្សែ» ( ពេលនេះ ខ្ញុំមិនដឹងថាមានចែងទៀតឬអត់ទេ )។ បើទៅក្នុងសវនាការ យើងពាក់ស្បែកជើងអត់ខ្សែតែម្ចាស់ផ្ទះពាក់ស្បែកជើងចងខ្សែ មិនខុសអីពីយើងពាក់ខោអាវដេក ( ពីហ្សាម៉ា ) ទៅជួបម្ចាស់ផ្ទះដែលចងក្រវាត់ក ចាំទទួលយើងយ៉ាងនោះដែរទេ។ ខ្ញុំសូមអធ្យាស្រ័យមិត្តទាំងអស់ តែខ្ញុំចង់អោយឃើញគណប្រតិភូកម្ពុជាយើងសឿងបឿងនឹងគេដែរ មិនមែនសម្រាប់រូបខ្ញុំទេ»។

៤. កញ្ញា ដេត ស្រីនាឌ ប្រកាសពហិកាមិនចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Planet International 2024

កញ្ញា ដេត ស្រីនាឌ Miss Planet Cambodia 2024 បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងខកបំណងយ៉ាងខ្លាំង ខណៈនាងបានបង្ហោះសារប្រកាសធ្វើពហិកាមិនចូលរួមប្រកួត Miss Planet International 2024 នាវគ្គប្រកួតផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។

៥. រញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារភាគកណ្តាលប្រទេសជប៉ុន 

គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារទីក្រុង Ishikawa និងខេត្តកណ្តាលផ្សេងទៀតរបស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ម៉ោងនៅក្នុងស្រុក។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន។ 

៦. បុគ្គលិកសណ្ឋាគារឡាវត្រូវបានឃុំខ្លួន បន្ទាប់ពីករណីស្លាប់របស់អ្នកទេសចរ ៦នាក់

ប្រព័ន្ធផ្សព្វផ្សាយឡាវបានរាយការណ៍កាលពីថ្ងៃអង្គារថា ប៉ូលីសនៅក្នុងប្រទេសឡាវបានឃាត់ខ្លួនអ្នកគ្រប់គ្រង និងបុគ្គលិកប្រាំពីរនាក់នៃសណ្ឋាគារ ក្នុងទីក្រុង Vang Vieng បន្ទាប់ពីអ្នកទេសចរ ៦នាក់បានស្លាប់ដោយសារការសង្ស័យថាពុលមេតាណុល។ 

៧. រថយន្តអគ្គិសនីជាង ២ ៣០០គ្រឿងបានចុះបញ្ជីនៅកម្ពុជាខណៈក្រុមហ៊ុន BYD កំពុងឈរលើកំពូលតារាង 

រថយន្តអគ្គិសនីចំនួន២ ៣២៧គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដោយក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ចំនួន៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន តូយ៉ូតា ចំនួន ៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ចំនួន ២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ នេះបើយោងតាមប្រភពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ 

 ៨. កញ្ញា ស៊ាន ធារី បង្ហាញគ្មានសល់ពីយុទ្ធសាស្ត្រញ៉ែរបស់លោកគ្រូជោគជ័យ ប៊ុន ផាក 

អតីតគូស្នេហ៍ លោកគ្រូជោគជ័យ ប៊ុន ផាក កញ្ញា ស៊ាន ធារី ថៅកែ V SHOP BRAND បានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនធ្លាប់បានធ្លាក់ក្នុងអន្លង់ស្នេហ៍លោកគ្រូជោគជ័យដែលនាងបកស្រាយច្បាស់ៗពីវិធីសាស្រ្តជាច្រើនបកស្បែកមុខអស់គ្មានសល់ ដើម្បីជៀសវាងមាននារីផ្សេងៗទៀតចាញ់បោកដោយមិនដឹងខ្លួន។ 

៩. អបអរសាទរ! កម្ពុជាឈ្នះមេដាយចំនួន៣គ្រឿង ពីព្រឹត្តិការណ៍ AARM លើកទី៣២ នៅហ្វីលីពីន 

កម្ពុជាបានបញ្ជូនកម្លាំងវរសេនាតូចចល័ត កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន២រូប គឺលោកអនុសេនីយ៍ទោ ហួត ភ័ស និងលោកនាយចំណង់ ផេង ប៊ុនសុផស់ ទៅចូលរួមជាមួយក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ជំនួបបាញ់បាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន លើកទី៣២ ឆ្នាំ២០២៤ (AARM 32/2024) នៅប្រទេសហ្វីលីពីន។  

១០. រដ្ឋាភិបាលវៀតណាមបានប្រកាសអំពីការកំណត់ថ្ងៃឈប់សម្រាកនៅឆ្នាំថ្មីខាងមុខនេះ

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានយល់ព្រមលើសំណើរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ទាក់ទងនឹងផែនការថ្ងៃឈប់សម្រាក។ ថ្ងៃសម្រាកដំបូងត្រូវនឹងថ្ងៃទី ២៦ នៃខែតាមច័ន្ទគតិខណៈថ្ងៃចុងក្រោយត្រូវនឹងថ្ងៃទី ៥ នៃខែទី ១ នៃឆ្នាំថ្មី។ ការសម្រាកមានរយៈពេលបួនថ្ងៃចុងសប្តាហ៍ និងប្រាំថ្ងៃធ្វើការ។ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស