TNAOT News

· 11-29

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ មានចុះឈ្មោះរត់ជាង ១ម៉ឺននាក់

#ពាក់កណ្តាលម៉ារ៉ាតុងអង្គរ# #NEW NEWS# #ចុះឈ្មោះ# #សង្គម# #ទិវារត់ប្រណាំងអន្តរជាតិ# #ព័ត៌មានសង្គម#

2899

ព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ ឆ្នាំ២០២៤នេះ មានអ្នកចុះឈ្មោះចូលរួមរត់ប្រណាំងប្រមាណជាង ១ម៉ឺននាក់ហើយ ខណៈព្រឹត្តិការណ៍នេះនឹងប្រារព្ធទៅក្រោមអធិបតីភាពរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា និងតំណាងស្ថានទូតនៃបណ្ដាប្រទេសមួយចំនួនប្រចាំនៅកម្ពុជាផងដែរ។ នេះបើផងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។បើតាម អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហៅកាត់ថា NOCC ឯកឧត្តម វ៉ាត់ ចំរើន  បានឲ្យដឹងថា គិតមកទល់នឹងពេលនេះ មានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចំនួន ១៤ ៣៧០នាក់ហើយ បានចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ។ ចំពោះការរត់ប្រណាំងនេះដែរ គឺមាន ៤វិញ្ញាសាទាំងការរត់ប្រណាំង និងប្រណាំងរទេះជនពិការ ក្នុងនោះមាន ចម្ងាយ ២១គីឡូម៉ែត្រ ទាំងបុរស និងនារីមានចំនួន៣ ០១៥នាក់, ចម្ងាយ១០គីឡូម៉ែត្រមានចំនួន ៦ ២៩១នាក់, ចម្ងាយ ៥គីឡូម៉ែត្រមានចំនួន ៣ ២២៥នាក់ និងចម្ងាយ៣គីឡូម៉ែត្រ ដែលជាប្រភេទរត់កម្សាន្តមានចំនួន ១ ៣៦៨នាក់។ទន្ទឹមនោះ ឯកឧត្តម បណ្ឌិត ថោង ខុន បានលើកឡើងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង អាចនិងក្លាយទៅជាព្រឹត្តិប្រពៃណីមួយសម្រាប់កម្ពុជា ខណៈពីមួយឆ្នាំទៅមួយឆ្នាំ អ្នកចូលរួមមានការកើនឡើងគួរឱ្យកត់សម្គាល់។ សម្រាប់ឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាចលករមួយធ្វើកំណើន អ្នកចូលរួមកាន់តែមានកំណើនឡើង ហើយកាន់តែផ្តល់ភាពកក់ក្តៅ ចំពោះអ្នកចូលរួមថែមទៀតផង។ ឯកឧត្តម​ ថោង​ ខុន បានលើកឡើងទៀតថា ការចូលរួមគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញវត្តមានរត់ជាមួយភ្ញៀវជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍នេះ នឹងជំរុញឲ្យការរៀបចំកាន់តែមានលក្ខណៈស្តង់ដារ ត្រូវតាមបទដ្ឋានរបស់អន្តរជាតិ មានន័យថា ការរត់របស់ភ្ញៀវ គឺមានសុវត្ថិភាព រត់ដោយមានទំនុកចិត្ត និងរីករាយផងដែរ៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស