TNAOT News

· 03-10

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#

4124

១. រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឲ្យម្ចាស់រោងចក្រ សហគ្រាសរៀបចំឲ្យមានកន្លែងទារកដ្ឋាន ដើម្បីសម្រួលដល់ការលំបាករបស់កម្មការនីរោងចក្រ 

រដ្ឋាភិបាលកម្ពុជា ណែនាំឱ្យរោងចក្រ-សហគ្រាស ដែលមានបុគ្គលិកចាប់ពី១០០នាក់ឡើងទៅ នឹងតម្រូវឱ្យមានទារកដ្ឋាន មើលថែទារក និងកុមារតូចៗ ដើម្បីជួយសម្រាលការលំបាកដល់កម្មការិនីដែលជាម្ដាយមានកូនតូចៗ។ នេះជាការលើកឡើងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៅរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ កាលពីព្រឹកមិញនេះ។

២. របាំព្រះរាជទ្រព្យកម្ពុជា ទទួលបានជោគជ័យលើឆាកអន្តរជាតិ បន្ទាប់ពីបានសម្តែងជូនភ្ញៀវអន្តរជាតិទស្សនាយ៉ាងច្រើនកុះករនាទីក្រុងប៉ារីស 

របាំព្រះរាជទ្រព្យដ៏ល្បីរបស់កម្ពុជាត្រូវសម្តែងជាផ្លូវការលើកទី១ នៅក្នុងទីក្រុងប៉ារីស តាមកាលវិភាគសម្តែង នៅរសៀល និងយប់ថ្ងៃទី៨ ខែមីនា (ម៉ោងនៅកម្ពុជាលឿនជាងម៉ោងនៅប្រទេសបារាំងប្រហែល៦ម៉ោង) នៅក្នុងសារមន្ទីរ Quai Branly។

៣. អ្នកផលិតមាតិការជនជាតិអាម៉េរិក បាននឹងកំពុងសាងសង់សាលារៀន និងតម្លើងកុំព្យូទ័រជាច្រើនគ្រឿង ដល់សាលារៀនមួយក្នុងខេត្តសៀមរាប 

មហាជននិយមលេងបណ្តាញសង្គម បានផ្ទុះការចាប់អារម្មណ៍ និងស្ញើចសរសើរគ្រប់ៗគ្នា ក្រោយឃើញអ្នកបង្កើតមាតិកាមួយរូប មកពីអាម៉េរិក លោក Chris មានគណនីបណ្តាញសង្គមឈ្មោះ Travelwithchris បានបង្កើតនូវយុទ្ធនាការសប្បុរសធម៌ដើម្បីសាងសង់បន្ទប់កុំព្យូទ័រនៅក្នុងសាលារៀនជនបទមួយស្ថិតក្នុងខេត្តសៀមរាប។ 

៤. មនុស្ស ៥នាក់ស្លាប់ និង រងរបួស១៣នាក់ ក្រោយពីការវាយប្រហាក្រុមឧទ្ទាមមួយក្រុមនាភាគខាងត្បូងប្រទេសថៃ

ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និងជាង១០នាក់បានរងរបួសនៅក្នុងការវាយប្រហារចំនួន៣នៅភាគខាងត្បូងប្រទេសថៃ។ប៉ូលិសខេត្ត Narathiwat បាននិយាយថា ក្រុមអ្នកវាយប្រហារជាង ១០នាក់បានបើកការបាញ់ប្រហារនៅខាងក្រៅការិយាល័យស្រុក Sungai Kolok ដែលជាទីប្រជុំជនមួយនៅជាប់ព្រំដែនម៉ាឡេស៊ី-ថៃ នៅម៉ោងប្រហែល ៧យប់ថ្ងៃសៅរ៍ ។

៥. តារាចម្រៀងជើងចាស់ Lady Gaga នឹងរៀបចំប្រគំតន្ត្រីនៅពហុកីឡដ្ឋានជាតិនៅសិង្ហបុរីក្នុងខែឧសភាខាងមុខ 

តារាចម្រៀងប៉ុប Lady Gaga នឹងរៀបចំការប្រគុំតន្ត្រីនៅពហុកីឡដ្ឋានជាតិសិង្ហបុរីនៅថ្ងៃទី ១៨,១៩,២១ និង ២៤ ខែឧសភា។ ការលក់សំបុត្រចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមីនា ជាមួយនឹងការលក់ជាមុនជាច្រើនតាមការផ្តល់ជូន។ ប្រទេសសិង្ហបុរីនឹងក្លាយជាកន្លែងតែមួយគត់របស់នាងនៅអាស៊ី។  

៦. ឥទ្ធិពលនៃព្យុះស៊ីក្លូន Alfred បណ្តាលឲ្យទឹកជំនន់ជន់លិចតំបន់ភាគខាងកើតប្រទេសអូស្ត្រាលី រងការខូចខាតយ៉ាងដំណំ

ភ្លៀងធ្លាក់យ៉ាងគំហុកពីសំណល់នៃព្យុះស៊ីក្លូន Alfred បានជន់លិចតំបន់ឆ្នេរភាគខាងកើតនៃប្រទេសអូស្ត្រាលីនៅថ្ងៃនេះ បង្កឲ្យមានការខូចខាតផ្ទះសម្បែង និងអាជីវកម្មជាង ២០០,០០០ កន្លែង។

៧. ស្នងការរាជធានីភ្នំពេញ ស្រាយបំភ្លឺជុំវិញករណីក្មេងស្ទាវចូលកាប់មនុស្សដល់ក្នុងផ្ទះ និងបានបំផ្លាញសម្បត្តិទ្រព្យអ្នកដទៃ 

ក្រោយមានការផ្សព្វផ្សាយព័ត៌មានតាមផេកហ្វេសប៊ុកឈ្មោះ «កឹម សុភេន កូនអ្នកស្វាយរៀង» ដែលមានខ្លឹមសារថាមានក្មេងស្ទាវចូលកាប់មនុស្សដល់ក្នុងផ្ទះហើយតេទូរស័ព្ទលេខហតឡាញ តែសមត្ថកិច្ចតេទៅមិនលើក ធ្វើអោយមានការរិះគន់ពេញបណ្ដាញសង្គមហ្វេសកបុក។ 

៨. រដ្ឋាភិបាលកម្ពុជា ណែនាំអោយអាជ្ញាធរពាក់ព័ន្ធបន្តសហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារឲ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍ 

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ចដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ ឲ្យសហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញអោយបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់នោះ។

៩. រកឃើញដងខ្លួនពុទ្ធបដិមាចំនួន១អង្គ ដែលព្រះសិររក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅប្រាសាទតាព្រហ្ម តាំងពីសម័យបារាំង 

អាជ្ញាធរជាតិអប្សរា តាមរយៈការសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលព្រះសិរត្រូវបានរកឃើញនៅប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ និងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកបច្ចុប្បន្ន។ 

១០. មន្ទីរប្រឆាំងគ្រឿងញៀន ព្រមានចាត់វិធានការផ្លូវច្បាប់លើម្ចាស់គណនីហ្វេសបុកមួយដែលរិះគន់អាជ្ញាធរ លើករណីបង្ក្រាបការជួញដូរគ្រឿងញឿនមួយកន្លែង

មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកនេះបានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយរងការរិះគន់តាមបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនដែលបានបង្ហោះវីដេអូ និងរូបថតនៅលើបណ្តាសង្គមពីសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងភូមិសាស្ត្រខណ្ឌដង្កោ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស