Cambo-China

· 04-09

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ កម្ពុជា ត្រូវការចាំបាច់នូវមិត្តភក្តិបរទេស ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

#ប្រទេសកម្ពុជា# #ប្រទេស​ចិន# #សង្គម# #ប្រធានាធិបតីចិនលោក ស៊ី ជិនពីង# #បក្សកុម្មុយនីស្ត# #ព័ត៌មានសង្គម# #CAMBO-CHINA#

2451

ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ កម្ពុជាត្រូវការចាំបាច់នូវមិត្តភក្តិបរទេសដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដូច្នេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ដោយទំនាក់ទំនងកម្ពុជា-ចិន បានស្ដែងឡើងក្នុងរូបភាព ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបើកវេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី: កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម»។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងថា «បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិន ស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត គឺទំនាក់ទំនង«មិត្តភាពដែកថែប» គឺសំដៅដល់ទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជានិងចិន ទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ដោយមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ «មិត្តភាពដែកថែប» នេះយើងអាចឆ្លុះបញ្ចាំងលើទិដ្ឋភាព៥ រួមមានប្រវត្តិសាស្រ្ត នយោបាយ សេដ្ឋកិច្ច អភិវឌ្ឍន៍ និងធម្មជាតិ»។

បន្ថែមពីនេះ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ក៏បានជូនជាទស្សនាទានចំពោះ «មិត្តដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី និងឈានទៅកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម»៖ ទី១- ប្រទេសទាំងពីរបន្តពូនជ្រំគំរូភាពដ៏ល្អប្រសើរនៃទំនាក់ទំនង ដែលទាញចេញពីលក្ខណៈពិសេសដោយឡែកនៃប្រជាជាតិទាំងពីរ។

ទី២- ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ត្រូវតែបន្តបោះជំហានទៅមុខរឹងមាំស្វាហាប់ក្នុងរង្វង់កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ព្រមទាំងរួមកម្លាំងគ្នា ដើម្បីកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជានិងចិនពិតប្រាកដ ក្នុងយុគសម័យថ្មី។ និងទី៣- បន្តជំរុញនិងលើកកម្ពស់គុណភាពទំនាក់ទំនងប្រជាជននិងប្រជាជននៃ ប្រទេសយើងទាំងពីរ កម្ពុជា-ចិន និងត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ជាមូលដ្ឋាន គាំពារគ្នា និងសាមគ្គីភាពរឹងមាំនាពេលអនាគត។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ឯកឧត្តម ស៊ី ជិនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងមកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ នៅក្នុងគម្រោងទស្សនកិច្ចផ្លូវការ ៣ប្រទេស ម៉ាឡេស៊ី វៀតណាម និងកម្ពុជា ដែលបង្ហាញពីមិត្តភាពរឹងមាំកម្ពុជា-ចិនផងដែរ៕  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស