
TNAOT News
· 04-24
កម្ពុជាកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក
#ទីផ្សារសហរដ្ឋអាមេរិក# #សង្គម# #កម្ពុជា# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2132
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ពីផលប្រយោជន៍ជូនផលិតករ និងអ្នកនាំចេញទំនិញនៅកម្ពុជា ហើយក្រសួងក៏បាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាបានអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ច និងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះកម្ពុជាបានរៀបចំនិងប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញ និងសម្រួលពាណិជ្ជកម្ម ដែលទទួលបានប្រយោជន៍ ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។
ទន្ទឹមនឹងនេះក្នុងគោលបំណងចង់រក្សាបាននូវផលប្រយោជន៍ជូនផលិតករ និងអ្នកនាំចេញនៅកម្ពុជា ក្រសួងពាណិជ្ជកម្មនិងក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកដោយនឹងពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់វត្ថុធាតុដើមនិងតម្លៃបន្ថែមក្នុងស្រុកដើម្បីធានាបាននូវតម្លាភាព និងអនុលោមភាពតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ និងវិធានដើមកំណើតទំនិញរបស់សហរដ្ឋអាម៉េរិកដែលនីតិវិធីពិសេសបន្ថែមនេះនឹងត្រូវបានជម្រាបជូនតាមក្រោយទៀតក្នុងពេលដ៏ឆាប់ខាងមុខផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)