TNAOT News

· 04-25

ក្រសួងអប់រំ និងក្រសួងវប្បធម៌ ជួបពិភាក្សាត្រៀមទស្សនីយ៍ភាពសម្ដែងអបអរពិធីទទួលទង់ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី

#ក្រសួងអប់រំ# #ក្រសួងវប្បធម៌# #TNAOT SPORT# #កីឡា# #កីឡាយុវជនអាស៊ី# #កីឡាជាតិ#

2998

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំក្រុមការងារជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

 កិច្ចប្រជុំនេះបានផ្ដោតកិច្ចពិភាក្សាលើ ២ចំណុចសំខាន់ៗរួមមានទី១. ពាក់ព័ន្ធនឹងខ្លឹមសារ និងទស្សនទាន ដែលជាសារត្រូវបង្ហាញតាមរយៈទស្សនីយ៍ភាពដែលត្រូវសម្ដែងដើម្បីអបអរសាទរពិធីទទួលទង់កីឡាយុវជនអាស៊ី ក៏ដូចជាការស្វាគមន៍ប្រតិភូបណ្ដាប្រទេសក្នុងទ្វីបអាស៊ី មកកាន់ប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះបន្ដវេនពីប្រទេសបារ៉ែន នាឆ្នាំ២០២៩ និងទី២ គឺការបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវរវាងក្រសួងអប់រំ និងក្រសួងវប្បធម៌។

 ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា «ទស្សនីយ៍ភាព និងខ្លឹមសារសំខាន់ដែលត្រូវត្រៀមរៀបចំ ទី១- ការបង្ហាញនូវវប្បធម៌ជាតិរបស់យើង, ទី២- ការបង្ហាញនូវទេសចរណ៍ដែលជាលក្ខណៈពិសេសនៃទេសចរណ៍ឯករបស់ប្រទេសយើង និងទី៣- ពាក់ព័ន្ធនឹងកីឡា ហើយកីឡានេះ ទាក់ទងនឹងកីឡាយុវជន ដែលមានយុវវ័យក្រោម ១៨ឆ្នាំ។ នេះគឺជាខ្លឹមសាររួម ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ និងត្រៀមរៀបចំនូវការសម្ដែងរយៈពេល ១០នាទីក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ»

បន្ថែមលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏ត្រៀមស្នើសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រៀមរៀបចំនូវពិធីដង្ហែទង់ បន្ទាប់ពីប្រតិភូនាំទង់កីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ត្រឡប់មកដល់ប្រទេសកម្ពុជា ពោលគឺក្រោយពិធីប្រគល់ និងទទួលទង់នៅថ្ងៃទី៣១ ខែតុលា ឲ្យបានអធិកអធមនៅរាជធានីភ្នំពេញ ដូចកាលពីពិធីដង្ហែទង់ស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អំពីការត្រៀមលក្ខណៈរួចរាល់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ៤ឆ្នាំម្ដងនេះផងដែរ។ 

សូមបញ្ជាក់ថាការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅបារ៉ែន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខដោយកម្ពុជាបានត្រៀមបញ្ជូនអត្តពលិកចំនួន ១៨ប្រភេទកីឡាចូលរួម ក្នុងនោះមានសហព័ន្ធកីឡាអត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ, ជិះសេះ, យូដូ, ជឺជីតស៊ូ, គុនចម្រុះ, ទោចក្រយាន, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ចំបាប់, លើកទម្ងន់, បាល់ទះ, បាល់ទាត់លើតុ, ប្រដាល់, និងកីឡាប្រដាល់សកល៕  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)