
TNAOT News
· 04-25
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #ហួត ហាក់# #សង្គម# #ព័ត៌មានសង្គម# #ធនាគារជាតិនៃកម្ពុជា# #Paetongtarn Shinawatra#
3595
១.ក្រសួងអប់រំ និងក្រសួងវប្បធម៌ ជួបពិភាក្សាត្រៀមទស្សនីយ៍ភាពសម្ដែងអបអរពិធីទទួលទង់ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំក្រុមការងារជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
២.កម្ពុជាចង់បង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ឱ្យទូលំទូលាយនៅសាធារណរដ្ឋតួកគី និងអាល់បានី
កិច្ចពិភាក្សាការងារនៅលើកោះរបស់ក្លិបបាល់ទាត់ដ៏ល្បីនៅតំបន់អឺរ៉ុប Galatasaray រវាងក្រសួងទេសចរណ៍ កុងស៊ុលកិត្តិយសកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចកម្ពុជា និងតួកគី ក្នុងគោលដៅបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាឱ្យទូលំទូលាយនៅសាធារណរដ្ឋតួកគី និងសាធារណរដ្ឋអាល់បានី។
៣.ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន ប្រកាសពីការចុះMOUស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR និង JPQR”
ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន ប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យអរកួតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។
៤.នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn សម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Jirayu Huangsap បានឲ្យដឹងថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាវិញ។
៥.អគ្គិភ័យឆាបឆេះមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ COEX ប្រទេសកូរ៉េខាងត្បូង អំឡុងពេលកម្មវិធី World IT Show
មន្ត្រីពន្លត់អគ្គីភ័យកូរ៉េខាងត្បូងបាននិយាយថា អគ្គិភ័យបានឆាបឆេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ COEX ប្រទេសកូរ៉េខាងត្បូង នៅវេលាម៉ោងប្រហែល ១១ព្រឹក ដែលចាប់ផ្តើមឆាបឆេះខាងក្នុងភោជនីយដ្ឋានមួយនៅជាន់ទី ២នៃមជ្ឈមណ្ឌលតាំងពិពណ៌ ខណៈមិនមានអ្នករងរបួសទេ លើកលែងតែមនុស្ស ៤នាក់ដែលត្រូវបានគេព្យាបាលនៅកន្លែងកើតហេតុបន្ទាប់ពីស្រូបផ្សែង។
៦.រដ្ឋាភិបាលថៃនឹងចាត់វិធានការតឹងរ៉ឹងលើអ្នកជក់បារីអេឡិចត្រូនិច ដែលអាចនឹងត្រូវចោទប្រកាន់ពីបទទទួលផលិតផលរត់ពន្ធ
អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Anukul Prueksa-anurak បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលបានបង្កើនការបង្ក្រាបបារីអេឡិចត្រូនិច និងផលិតផលដែលពាក់ព័ន្ធ ដោយគ្របដណ្តប់មិនត្រឹមតែអ្នករត់ពន្ធ និងអ្នកចែកចាយប៉ុណ្ណោះទេ ថែមទាំងអ្នកជក់បារីផងដែរ។ លោកបានមានប្រសាសន៍ថា អ្នកជក់បារីអេឡិចត្រូនិកអាចត្រូវបានកាត់ទោសពីបទទទួលបានផលិតផលរត់ពន្ធ។ យោងតាមច្បាប់គយ បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ និង/ឬពិន័យជាប្រាក់ស្មើនឹងបួនដងនៃតម្លៃទំនិញរត់ពន្ធ បូកនឹងពន្ធណាមួយ។
៧.មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានជួយសង្រ្គោះស្រ្តីម្នាក់សម្រាលកូនមានទម្ងន់ជិត ៦គីឡូក្រាមដោយជោគជ័យ
មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្រ្គោះស្រ្តីម្នាក់ដែលសម្រាលកូនមានទម្ងន់កំណើតលើសប្រក្រតី ៥,៦ គីឡូក្រាម ។
៨.រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែជួសជុលរួចរាល់ហើយ
ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។
៩.អាវុធហត្ថរាជធានីភ្នំពេញចាប់ជនជាតិស្បែកខ្មៅ០២នាក់ ករណីលួងលោមជនរងគ្រោះយកប្រាក់អស់ ៧លានដុល្លារ
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនបរទេសស្បែកខ្មៅ០២នាក់ក្នុងចំនោមបក្សពួកស្បែកខ្មៅ០៥នាក់ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ក្នុងករណីលួងលោមបោកប្រាក់អស់ ៧លានដុល្លារ។
១០.ស្រ្តីភេទទី៣ ដែលបង្ហោះវីដេអូប្រើពាក្យសម្តីអសុរោះ កាយវិការមិនសមរម្យ ត្រូវបានកោះហៅមកអប់រំធ្វើកិច្ចសន្យាហើយ
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ បានអញ្ជើញឈ្មោះ រិះ សៀវហុង ហៅ You Ri ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ You Ri មកផ្តល់ការណែនាំ និងធ្វើកិច្ចសន្យាសុំទោសជាសាធារណៈ ចំពោះការប្រើប្រាស់ពាក្យសម្តីអសុរោះ កាយវិការមិនសមរម្យ និងអសីលធម៌ តាមរយៈការបង្ហោះវីដេអូក្នុងបណ្តាញសង្គមកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលនាំឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងសំណាក់ថ្នាក់ដឹកនាំ និងសាធារណជនខ្មែរទូទៅ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)