Cambo-China

· 04-26

រកឃើញម្ចាស់ជ័យលាភី កម្មវិធីប្រកួត “"ស្ពានភាសាចិន" ពិភពលោក លើកទី២៤ សម្រាប់ថ្នាក់ឧត្តមសិក្សានៅកម្ពុជា

#សង្គម# #ឯកឧត្តម Wang Wenbin# #ព័ត៌មានសង្គម# #CAMBO-CHINA#

2677

នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម វ៉ាង វិនពីន ( Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាសហធិបតី ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត "ស្ពានភាសាចិន" ពិភពលោក លើកទី២៤ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម វ៉ាង វិនពីន ( Wang Wenbin) បានបញ្ចាក់ថា ការប្រកួត "ស្ពានភាសាចិន" ពិភពលោកនេះ បានរៀបចំឡើងជារៀងរាល់ឆ្នាំអស់រយៈពេល២៣ឆ្នាំមកហើយ ដោយមានបេក្ខជនជាយុវជនចំនួន១៧០ម៉ឺននាក់មកពីបណ្ដា១៦០ប្រទេសចូលរួមប្រកួត។ ការប្រកួតប្រចាំព្រះរាជាណាចក្រកម្ពុជានាឆ្នាំនេះ មានទ្រង់ទ្រាយធំជាងឆ្នាំមុនៗទាំងអស់ ដែលបង្ហាញអំពីចំណាប់អារម្មណ៍ខ្ពស់របស់យុវជនកម្ពុជាចំពោះវប្បធម៌ចិន និងភាសាចិន និងបានរំលេចឱ្យឃើញនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងយុវជននៃប្រទេសទាំងពីរ។ ជាមួយនេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត សង្ឃឹមថា និស្សិតដែលជាបេក្ខជនប្រកួត និងទស្សនិកជន នឹងបន្តធ្វើជាបេសកជននៃចំណងមិត្តភាពកម្ពុជា-ចិន បន្ថែមទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា ការប្រកួតបែបនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅប្រទេសកម្ពុជា និងការផ្លាស់ប្តូររវាងប្រជាជនប្រទេសទាំងពីរ សំដៅឆ្ពោះទៅការកសាងកម្លាំងយុវជនដ៏មានសក្តានុពល សម្រាប់បន្តវេនពូនជ្រំមិត្តភាពដ៏យូរលង់របស់ប្រទេសទាំងពីរឱ្យកាន់តែស្និទ្ធជិតពីមួយជំនាន់ទៅមួយជំនាន់ទៀត។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើម សម្របសម្រួល និងគាំទ្របង្កើតការប្រកួតនេះឡើង ដើម្បីផ្តល់ឱកាសឱ្យបេក្ខជនបានបញ្ចេញសមត្ថភាពរបស់ខ្លួន និងជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការអប់រំភាសាចិន។ 

គួរបញ្ជាក់ថា បេក្ខជនឆ្នើមចំនួន១៤នាក់ក្នុងចំណោមបេក្ខជន១៤៩នាក់ មកពីរាជធានី-ខេត្តក្រុងនានា បានចូលរួមក្នុងការប្រកួតនេះ ខណៈបេក្ខជនទាំងអស់បានឡើងធ្វើបទបង្ហាញជាសាធារណៈជាភាសាចិន និងសម្ដែងសិល្បៈចិនដូចជាការបកស្រាយបទចម្រៀង កាប្រគំឧបករណ៍ភ្លេងប្រពៃណីចិន និងការរាំរបាំប្រពៃណីចិនជាដើម ដែលជាការបង្ហាញនូវសមិទ្ធផលនៃការសិក្សាភាសាចិន ព្រមទាំងទេពកោសល្យ និងការស្វែងយល់អំពីវប្បធម៌ចិនយ៉ាងស៊ីជម្រៅ។ 

យ៉ាងណាមិញ ជាលទ្ធផល ជ័យលាភីបានទៅលើបេក្ខជន រស់ សុផារីយ៉ា បេក្ខជន ធា រស្មីបញ្ញា និង បេក្ខជន ចន ដេវីន ដែលបានទទួលជ័យលាភីពិសេស និងជ័យលាភីទី១ ក្នុងការប្រកួត "ស្ពានភាសាចិន" ពិភពលោក លើកទី២៤ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)