
TNAOT News
· 04-26
អ្នកជំនាញសុខភាព សាទរដែលរដ្ឋាភិបាលបិទលែងឱ្យមានរង្វាន់លើកំប៉ុងស្រាបៀរ និងភេសជ្ជៈ
#រង្វាន់# #កំប៉ុងស្រាបៀរ# #NEW NEWS# #លោកវេជ្ជបណ្ឌិត មុំ គង់# #សង្គម# #ព័ត៌មានសង្គម#
3418
លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា បានប្រាប់សារព័ត៌មានត្នោតញូស៍នៅថ្ងៃនេះថា ដើម្បីកាត់បន្ថយអំពីផលប៉ះពាល់ដោយសារគ្រឿងស្រវឹង គឺការហាមឃាត់ការផ្សាយពានិជ្ជកម្មគ្រឿងស្រវឹងអោយមានប្រសិទ្ធភាពខ្ពស់ និងមានភាពទូលំទូលាយ ពិព្រោះការផ្សាយពាណិជ្ជកម្មគ្រប់រូបភាពនេះហើយ ដែលទាក់ទាញយុវជនអោយមានអ្នកប្រើប្រាស់ជាកុមារ ចាប់ផ្ដើមសេពគ្រឿងស្រវឹង និងមានចំនួនអ្នកសេពគ្រឿងស្រវឹងកាន់តែច្រើន។
លោកបានបន្ថែមថា វិធានការតម្លើងពន្ធលើផលិតផលគ្រឿងស្រវឹងក៍ជាផ្នែកមួយដ៍មានប្រសិទ្ធខ្ពស់ ពោល គឺនៅពេលណារដ្ឋធ្វើការតម្លើងពន្ធកាន់តែខ្លាំង វាធ្វើឱ្យតម្លៃនៃផលិតផលគ្រឿងស្រវឹងមានតម្លៃថ្លៃ ធ្វើអោយអ្នកប្រើប្រាស់គឺមានចំនួនតិចជាងមុន ហេតុដូច្នេះបញ្ហាបង្ករគ្រោះថ្នាក់ដល់សុខភាពក៍តិចជាងមុន។
លោកក៍សំនូមពរដល់ក្រសួងពាក់ព័ន្ធគួរតែកំនត់ទីតាំងសម្រាប់ដាក់លក់ផលិតផលគ្រឿងស្រវឹង ពោល គឺគួរតែដាក់លក់អោយឆ្ងាយពីកន្លែងកុមារឬយុវជនឧហ្សាទៅលេងកម្សាន្ត ពិព្រោះរូបភាពដាក់ទាំងលក់ផលិតផលគ្រឿងស្រវឹងទាំងអស់នេះ គឺងាយនឹងស្រូបទាញយុវជនអោយប្រើប្រាស់នៅផលិតផលគ្រឿងស្រវឹងអស់ទាំងនេះ។
“ខ្ញុំគិតថាបិទលែងឱ្យមានការដាក់រង្វាន់លើក្រវិល ឬគម្របស្រាបៀរ និងភេសជ្ជៈគ្រប់ប្រភេទទាំងអស់នៅលើគម្របកំប៉ុង គឺជាវិធានការដ៏ល្អមួយ ពិព្រោះការដាក់ឱ្យត្រូវរង្វាន់នៅក្នុងកំប៉ុងនេះហើយដែលអូសទាញយុវជន និងកុមារចង់ប្រើប្រាស់ផលិតផលគ្រឿងស្រវឹងទាំងនេះដោយសារការត្រូវរង្វាន់លើកំប៉ុងភេសជ្ជៈឬស្រាបៀ”
ឯកឧត្តម ប៊ុត បូវុត រដ្ឋាលេខាធិការក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះលើកឡើងថា ទន្ទឹមនឹងការរីកចម្រើននៃវិស័យឧស្សាហកម្មគ្រឿងស្រវឹងនៅកម្ពុជាដែលបានរួមចំណែកដល់ការលូតលាស់នៃសេដ្ឋកិច្ចជាតិ ឧស្សាហកម្មគ្រឿងស្រវឹងក៏បានជះឥទ្ធិពលអវិជ្ជមានដល់សង្គម វប្បធម៌ សុខុមាល ភាពសាធារណៈ និងការប្រកួតប្រជែងមិនស្មោះត្រង់តាមរយៈការធ្វើទីផ្សារដោយខ្វះការទទួលខុសត្រូវ ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេង និងផ្តល់រង្វាន់យ៉ាងច្រើន តាមគ្រប់មធ្យោបាយ ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីទាក់ទាញអតិថិជនរៀងៗខ្លួន។
ឯកឧត្តមបានបន្ថែមថា កត្តាទាំងនេះហើយដែលបានជំរុញ ឱ្យមហាជន ជាពិសេសស្រទាប់យុវជនឈ្លក់វង្វេងទទួលទានគ្រឿងស្រវឹងដើម្បីផ្សងសំណាងតាមរករង្វាន់ ធ្វើឱ្យប៉ះពាល់ដល់ការសិក្សា សុខុមាលភាពសាធារណៈ សណ្តាប់ធ្នាប់សង្គម និងបើកបរក្នុងស្ថានភាពស្រវឹង ខ្វះការទទួលខុសត្រូវបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរកើតមានឡើងជាញឹកញាប់។
យោងតាមរយៈលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះកាលបរិច្ឆេទថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងមានជំនួបជាមួយក្រសួងពាក់ព័ន្ធ ម្ចាស់ក្រុមហ៊ុនស្រាបៀរ និងម្ចាស់ក្រុមហ៊ុនភេសជ្ជៈ ដើម្បីពិភាក្សាគ្នារឿងបិទលែងឱ្យដាក់រង្វាន់លើក្រវិលកំប៉ុង។
បើផ្អែកតាមលិខិតដដែល អ្នកដែលស្នើសុំឱ្យដករង្វាន់ចេញពីក្រវិលកំប៉ុង គឺក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនភេសជ្ជៈខ្លួនឯងតែងម្តង បូករួមទាំងមានការស្នើសុំពីសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរផងដែរ។ ក្រោយទទួលបានសំណើនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានចារយល់ព្រម គឺលែងឱ្យដាក់រង្វាន់លើក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈនាពេលខាងមុខទៀតហើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)