TNAOT News

· 04-28

សហព័ន្ធប្រដាល់គុនខ្មែរ ចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័ន E-Mei Legend លើភាពជាដៃគូ អភិវឌ្ឍន៍និងផ្សព្វផ្សាយគុនខ្មែរ និងយុទ្ធគុនចិន

#TNAOT SPORT# #កីឡា# #ប្រដាល់ខ្មែរ#

2670

នាព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះអនុសារណៈយោគយល់គ្នារវាងស្ថាប័ន E-Mei Legend និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លើភាពជាដៃគូ អភិវឌ្ឍន៍និងផ្សព្វផ្សាយ គុនខ្មែរ និងយុទ្ធគុនចិន ព្រមទាំងវិស័យ ទេសចរណ៍ សិល្បៈវប្បធម៌. “ក្រោមអធិបតីភាព អភិបាលក្រុង Peng Zhouចំណុះឲ្យក្រុងChengdu “ Mr. Chen ShuangJia និង Mr. Mei jia Xiang ប្រធានស្ថាប័ន E-Mei Legend ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនិង លោក គង់ វិសាលប្រធានរៀបចំព្រឹត្តិការណ៍ប្រដាល់របស់ស្ថានីយ៍ ទូរទស្សន៍បាយ័ន និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីពង្រីក វិសាលភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងថា តបតាមការអញ្ជើញរបស់ស្ថាប័នអឺម៉ីលេជិន E-Mei Legend ដែលជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំបំផុតមួយ (Top3) របស់ចិន។

ឯកឧត្តមបានបន្ថែមថា លោករួមទាំងក្រុមកាងារបានធ្វើទស្សនកិច្ច និងចូលរួមពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុទ្ធគុនចិន និងគុនខ្មែរដោយសហការរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរនៅព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន ផ្លាស់ប្តូរកីឡាករ គ្រូបង្វឹក ផ្លាស់ប្តូរបច្ចេកទេសបទពិសោធន៍ ការអភិវឌ្ឍន៍ជំនាញវិទ្យាសាស្ត្រកីឡា ព្រមទាំងជំរុញការផ្សារភ្ជាប់កីឡា សិល្បៈវប្បធម៌ និងទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរប្រទេសទាំងពីរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ការចុះអនុស្សរណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថាប័ន E-Mei Legend ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគនិងទេសចរណ៍ ក្រោមអធិបតីភាពលោកអភិបាលក្រុងផឹងចូវ ចំណុះក្រុងឆឹងទូ នៃខេត្តស៊ីឈួន សាធារណៈរដ្ឋប្រជាមានិតចិន ពិតជាមានសារៈសំខាន់ក្នុងការចូលរួមវិស័យយុទ្ធគុននៃប្រទេសទាំងពីរអោយកាន់តែទទួលបានការចាប់អារម្មណ៍ប្រជាជនកម្ពុជា-ចិន។

ទន្ទឹមនឹងនោះ ស្ថាប័ន E-Mei Legend បានស្នើសុំបង្កើតក្លឹបប្រដាល់គុនខ្មែរទី១ នៅទីក្រុងឆឹងទូ និងប្រកាសចាប់ផ្តើមដំណើរការនៅខែសីហា ឆ្នាំ២០២៥ខាងមុខនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស