
TNAOT News
· 05-09
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥
#កងទ័ពអាកាស# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម# #សាធារណរដ្ឋកូរ៉េ# #មីយ៉ាន់ម៉ា# #សហរដ្ឋអាមេរិក#
3365
១. ព្រះបរមរាជវាំងប្រទេសជប៉ុន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ Grand Cordon of the Order of the Rising Sun ដល់ឯកឧត្តម ជា សុផារ៉ា
តាមរយៈស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទី ៩ ខែឧសភា ឆ្នាំ ២០២៥ រដ្ឋាភិបាលជប៉ុន បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ Grand Cordon of the Order of the Rising Sun ដល់ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានបំពាក់ដោយព្រះចៅអធិរាជជប៉ុន។
២. អាជ្ញាធរជាតិអប្សរា ប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធី "Visit Angkor"
អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានបង្កើតនូវកម្មវិធីមួយ ដែលមានឈ្មោះថា "visit Angkor”។
៣. កងកម្លាំងយោធាជាង ៨០០នាក់ ចុះបង្ក្រាបបទល្មើស នៅតំបន់បឹងទន្លេសាប
កងកម្លាំងយោធាចំនួន៨០០នាក់ ក្នុងនោះ ក៏មានការចូលរួមពីកងពលតូចថ្មើរជើងលេខ៥១ សហការចុះធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ ខុសច្បាប់នានាក្នុងតំបន់បឹងទន្លេសាប ត្រង់ចំណុចភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសនេសាទ និងបានរក្សានូវពូជមច្ឆជាតិឲ្យបាននៅគង់វង្ស។
៤. ការហាត់សមជួយសង្គ្រោះបន្ទាន់ និងការពារសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League
គ្រាន់តែជាការហាត់សម ត្រៀមស្វ័យប្រតិកម្មចំពោះហេតុការណ៍អាសន្ន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រ។
៥. មន្ត្រីយោធារបស់កងទ័ពអាកាសស្រីលង្កា៦នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅរដ្ឋធានី Colombo
យោធារបស់ប្រទេសស្រីលង្កាបាននិយាយថា ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសស្រីលង្កាបានធ្លាក់នៅថ្ងៃសុក្រ ទី៩ខែឧសភានេះ ដោយបានសម្លាប់មនុស្ស ៦ នាក់ក្នុងចំណោម ១២ នាក់នៅលើយន្តហោះ។
៦. ប៉ាគីស្ថាន-ឥណ្ឌា ចោទប្រកាន់គ្នាទៅវិញទៅមក ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ខណៈភាពតានតឹងនៅតែបន្តកើនឡើង
យោធាប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់ប្រទេសឥណ្ឌាពីបទបង្កើតរឿង បន្ទាប់ពីបានចោទប្រកាន់ថា ប៉ាគីស្ថានបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលលើស្ថានីយ៍យោធានៅទូទាំងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។
៧. ប្រជាជនមីយ៉ាន់ម៉ារាប់រយនាក់បានភៀសខ្លួនឆ្លងចូលព្រំដែនថៃ បន្ទាប់ពីការវាយប្រហារលើយោធាមីយ៉ាន់ម៉ា
ថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនមីយ៉ាន់ម៉ាជាង៣០០ នាក់បានភៀសខ្លួនចូលទៅក្នុងប្រទេសថៃដើម្បីស្វែងរកទីជ្រកកោន បន្ទាប់ពីការវាយលុកលើយោធាដោយក្រុមប្រដាប់អាវុធជនជាតិភាគតិច ប៉ុន្មានថ្ងៃបន្ទាប់ពីរបបយោធាបានបន្តបទឈប់បាញ់ក្រោយការរញ្ជួយដី។
៨. រញ្ជួយដីកម្រិតស្រាលចំនួន៦ដង ត្រូវបានកត់ត្រានៅខេត្ត Mae Hong Son ប្រទេសថៃនៅព្រឹកថ្ងៃសុក្រនេះ
យោងតាមនាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថាការរញ្ជួយដីកម្រិតស្រាលចំនួន៦ ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងប្រទេសថៃ ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ដល់ព្រឹកថ្ងៃសុក្រ ជាមួយនឹងកម្រិតចាប់ពី ១.៦ ដល់ ៤.២រ៉ិចទ័រ។
៩. សម្ដេចប៉ាប អង្គថ្មីនៃវ៉ាទីកង់ត្រូវបានជ្រើសរើសដែលជាសម្ដេចប៉ាបដំបូងបង្អស់មានជាតិកំណើតនៅសហរដ្ឋអាមេរិក
លោក Robert Prevost ត្រូវបានបោះឆ្នោតជ្រើសរើសជាសម្ដេចប៉ាប ទី២៦៧ នៃសាសនាគ្រិស្ដនិកាយកាតូលិក ដោយព្រះនាមព្រះអង្គក្នុងឋានៈជាសម្ដេចប៉ាប គឺ Leo ទី១៤ (Pope Leo XIV) និងជាជនជាតិអាមេរិកាំងដំបូងដែលបានក្លាយជាសម្ដេចប៉ាប ខណៈដែលលោកត្រូវបានសម្ដេចប៉ាប Francis យកមកបំពេញការងារនៅបុរីវ៉ាទិកង់ កាលពីឆ្នាំ២០២៣។
១០. គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នឹងអាចស្ដុកទឹកបានប្រមាណជាង ១៦៣លានម៉ែត្រគូបសម្រេចការសាងសង់បាន៩៧%ហើយ
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានលទ្ធភាពស្ដុកទឹកបានប្រមាណជាង ១៦៣លានម៉ែត្រគូបសម្រេចការសាងសង់បានប្រមាណ ៩៧%។ នេះបើតាមការថ្លែងឲ្យដឹងពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)