TNAOT News

· 2025-12-06

ប្រភេទ​ត្រី​ កំពុង​រងគ្រោះមួយចំនួន ត្រូវលែងចូលទៅក្នុងទន្លេសាបវិញ ដើម្បីការពារធន​ធាន​ជលផល

#NEW NEWS# #រដ្ឋបាលជលផល# #សង្គម# #ពូជ​ត្រី​អណ្តែង# #ត្រីប្រា# #ព័ត៌មានសង្គម# #បឹងទន្លេសាប#

2156

ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ ចូលទៅក្នុង​ទន្លេសាបវិញ។ ប្រភេទត្រីកំពុងរងគ្រោះ ដែលបានលែងនោះ មានរហូតដល់​ចំនួន​១១ក្បាល ក្នុងនោះ មានត្រីរាជចំនួន១ក្បាល មានទម្ងន់ ៤២គីឡូក្រាម ប្រវែង១៥០សង់ទីម៉ែត្រ និងត្រីប្រាចំនួន១០ក្បាលទៀតដែលមាន​ទម្ងន់​ចាប់ពី១០ ទៅ២៥គីឡូក្រាម និងប្រវែងចាប់ពី ១១០ ទៅ ១៥០សង់​ទីម៉ែត្រ។

ជាក់ស្តែង នេះជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ដែលក្រុមការងារបានលែងត្រីក្នុងថ្ងៃ​ពេញ​បូណ៌មី ចុងក្រោយបំផុត ក្នុងឆ្នាំ២០២៥នេះ សបញ្ជាក់ឱ្យ​ឃើញអំពីការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ក្នុងការការពារ និងថែរក្សាធន​ធាន​ជលផលទន្លេមេគង្គ ឱ្យមាននិរន្តរភាព។

ជាមួយគ្នានេះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល ក៏បានថ្លែងអំណរគុណដល់ក្រុម​ការងារ​ពាក់ព័ន្ធ​ទាំងអស់ ក៏ដូច​ជាម្ចាស់ដាយត្រីលេខ២សេ និង២ដេ ដែលបានចូលរួម​យ៉ាងសកម្ម ក្នុងការជួយសម្រួលដល់ក្រុមការងារស្រាវជ្រាវចុះទៅ​បំពាក់​ស្លាក​ដើម្បីសិក្សា និងស្វែងយល់ពីការផ្លាស់ទី ជម្រកនៅរដូវប្រាំង និងលែង​ត្រី​ចូលទៅជម្រកធម្មជាតិវិញផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)