Chenda

· 2019-03-31

កម្មករសំណង់កាស៊ីណូជីងកាង​ មានទាំងជនជាតិចិន និងខ្មែរប្រមាណ ១០០នាក់ បាន​ប្រមូលផ្តុំគ្នាបិទផ្លូវ​មិនឲ្យឆ្លងកាត់ ដើម្បីតវ៉ាទាមទារឲ្យ​អ្នកម៉ៅការសំណង់បើកលុយជំពាក់ថ្លៃកម្លាំងពលកម្ម!

0

ខេត្តព្រះសីហនុ៖ កម្មករសំណង់កាសុីណូ និងសណ្ឋាគារ ជីងកាង មានចំនួនប្រមាណ១០០នាក់ មានទាំងជនជាតិចិន និងខ្មែរ កាលពីម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី៣០ ខែមីនា២០១៩ បានប្រមូលផ្តុំគ្នាបិតផ្លូវ ដើម្បីតវ៉ាទាមទារឲ្យថៅកែក្រុមហ៊ុននេះ បើកលុយកម្លាំងពលកម្ម ដែលក្រុមកម្មករអះអាងថា បើកលុយដែលថៅកែជំពាក់មិនទាន់បើកឲ្យពួកគេ ឲ្យបានគ្រប់ចំនួន។

ការដ្ឋានសំណង់កាស៊ីណូ និងសណ្ឋាគារ ដែលកម្មករប្រមូលផ្តុំគ្នាតវ៉ាខាងលើនេះ មានទីតាំងស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ក្នុងរបងដីអតីតក្រុមហ៊ុនអារីស្តុន។

តំណាងកម្មករ បានឲ្យដឹងថា គោលបំណង នៃការជួបជុំ របស់ពួកគេ គឺមានទាំងជនជាតិខ្មែរ និងជនជាតិចិន នៅពេលនេះ គឺដើម្បីទាមទារឲ្យថៅកែការដ្ឋានសំណង់ខាងលើនវ បើកលុយដែលជំពាក់ថ្លៃកម្លាងពលកម្ម របស់ពួកគេ ដែលថៅកែរូបនេះ បើកជូនមិនទាន់បានគ្រប់ចំនួន។

បើតាមរបាយការណ៍ជាបណ្តោះអាសន្នពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយមានការប្រមូលផ្តុំគ្នាតវ៉ាបិតផ្លូវផងនោះ ខាងតំណាងក្រុមហ៊ុនសាងសង់កាស៊ីណូ និងសណ្ឋាគារ ជីងកាង ខាងលើ ក៏បានឲ្យតំណាងកម្មករជាជនជាតិចិនចូលជួប ដើម្បីរកដំណោះស្រាយ ដោយមានការចូលរួមពី លោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុ និងលោក ម៉េត វណ្ណា ប្រធានការិយាល័យដោះស្រាយវិវាទ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ ប៉ុន្តែរហូតមកដល់ម៉ោង ៦ល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមីនា នៅមិនទាន់ដឹងលទ្ធផលបែបណានៅឡើយទេ។


ទោះជាបែបនេះក្តី Tnaot News បានទាក់ទង លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ តាមទូរស័ព្ទ នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩នេះ។ លោក ខេមរា បញ្ជាក់ថា ករណីកម្មករសំណង់ខ្មែរ និងចិន មានចំនួនប្រមាណ ១០០នាក់ បានប្រមូលផ្តុំគ្នាធ្វើកូដកម្ម នៅពីមុខការដ្ឋានសំណង់ជីងកាង ត្រូវបានតំណាងកម្មករជនជាតិចិនបានស្នើលើកពេល ដើម្បីរកដំណោះស្រាយ នៅថ្ងៃអាទិត្យ ទី៣១ ខែមីនា វេលាម៉ោង ៨ និង៣០នាទីព្រឹកជំនួសវិញ។ លោកបន្តថា ការសម្រេចលើកពេល នៅរកដំណោះស្រាយនៅថ្ងៃស្អែក ក៏ព្រោះតែខាងភាគី តំណាងកម្មករជនជាតិចិន ពួកគេមិនចង់ប្តឹង អ្នកម៉ៅជនជាតិចិនភ្លាមៗនៅថ្ងៃនេះទេ ដោយទុកពេលធ្វើការពិចារណាមួយយប់សិន។ ហើយម្យ៉ាងទៀតចំនួនកម្មករ និងទឹកលុយ ដែលក្រុមកម្មករអះអាងថា បើកមិនទាន់គ្រប់នោះ ក៏មិនមានឯកសារបង្ហាញឲ្យបានច្បាស់លាស់នៅឡើយដែរ៕



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)