Thon

· 2019-07-21

ការងារ ៧ប្រភេទ ដែលសក្ដិសមបំផុតសម្រាប់អ្នកមិនចូលចិត្តនិយាយស្ដី ឬអៀនប្រៀនច្រើន

#និយាយស្ដី# #សង្គម# #អៀនប្រៀន# #សេដ្ឋកិច្ចជាតិ#

0

ទំនោរសង្គមតែងលើកតម្កើងចំពោះរាល់បុគ្គលណាដែលប៉ិនប្រសប់ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ មានសិល្បៈអូសទាញ បញ្ចុះបញ្ចូលមនុស្សឲ្យព្រមតាមសំណើរបស់ខ្លួន ជាពិសេសសំដៅចំពោះស្ថានភាពក្នុងការប្រកបមុខជំនួញមិនថាតូច ឬធំនោះទេ ក៏ព្រោះតែវាជាការឯកភាពគ្នាដោះដូរប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ម្យ៉ាងទៀតការរីកចម្រើនជឿនលឿននៃបច្ចេកវិទ្យាផ្ដល់ទម្ងន់កាន់តែធ្ងន់ជាងមុនទៅលើសារសំខាន់នៃសិល្បៈក្នុងការទំនាក់ទំនងគ្នាប្រកបដោយប្រសិទ្ធភាព ក៏ព្រោះតែភាពជឿនលឿនបង្កើតឲ្យមានការប្រកួតប្រជែង ដែលទាមទារនូវការចេះរួមកម្លាំងគ្នាដើម្បីអាចឈានមុខគេបាន។

យ៉ាងណាមិញអ្នកមិនអាចមានភាពលម្អៀងដោយផ្ដល់តម្លៃតែចំពោះភាពប៉ិនប្រសប់ទាក់ទងមនុស្សនោះទេ ចំណេះដឹងអ្វី សមត្ថភាពអ្វីក៏សុទ្ធតែមានប្រយោជន៍ឲ្យតែអ្នកប្រើប្រាស់វាក្នុងផ្លូវត្រឹមត្រូវ និងស្ថានភាពត្រូវ។ ហេតុនេះសម្រាប់បុគ្គលដែលមានអារម្មណ៍ថាហាក់បីដូចជារស់នៅពិភពពីរផ្សេងគ្នាពីអ្នកទាំងនោះ មិនចូលចិត្តនិយាយស្ដី និងមិនចូលចិត្តប្រាស្រ័យទាក់ទងជាមួយនឹងមនុស្ស អ្នកក៏អាចប្រើប្រាស់លក្ខណៈពិសេសនៃភាពស្ងៀមស្ងាត់របស់អ្នកឲ្យបញ្ចេញពន្លឺលេចធ្លោនៃភាពអស្ចារ្យរបស់អ្នកនៅក្នុងស្ថានភាពការងារមួយចំនួនដូចខាងក្រោមនេះបានដែរ។

១. អ្នកអភិរក្សព្រៃឈើ

ការងារប្រភេទនេះមិនត្រឹមតែបញ្ចៀសអ្នកពីការរំខានរញ៉េរញ៉ៃរបស់ពិភពខាងក្រៅនោះទេ ប៉ុន្តែវាគឺជាការងារមួយដែលបានជួយរួមចំណែកដល់សហគមន៍អ្នក ក្នុងការការពារសម្បត្តិធម្មជាតិមានព្រៃឈើនិងសត្វព្រៃដ៏កម្រ និងស្ថិតនៅក្នុងសភាពគ្រោះថ្នាក់នៃការជិតផុតពូជ។

២. អ្នកនិពន្ធ

ថ្វីត្បិតតែការសរសេរអត្ថបទក៏ជាវិធីប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកអាន ក៏ប៉ុន្តែវាគ្រាន់តែជាការទាក់ទងបែបប្រយោលមួយប្រភេទរវាងអ្នក និងអ្នកអានរបស់អ្នកតែប៉ុណ្ណោះ។ អ្នកនិពន្ធរស់នៅក្នុងពិភពនៃការគិតរបស់ខ្លួន ជាពិភពដែលផ្ដល់ឲ្យពួកគេនូវសេចក្ដីស្ងប់ស្ងាត់ និងមានតែពួកគេខ្លួនឯងធ្វើទំនាក់ទំនងជាមួយនឹងផ្នែកខាងក្នុងនៃចិត្តរបស់ពួកគេ។

៣. គណនេយ្យករ

ពួកគណនេយ្យករជាប្រចាំធ្វើការជាមួយនឹងតួលេខរបស់សៀវភៅបញ្ជី ប្រើប្រាស់រូបមន្តគណនាពីតួលេខនានារបស់ក្រុមហ៊ុន ដូច្នេះនេះក៏ជាការងារម្យ៉ាងទៀតដែលអាចជាទីពេញចិត្តរបស់អ្នកមិនចូលចិត្តទំនាក់ទំនងខាងក្រៅផងដែរ។

៤. អ្នកស្រាវជ្រាវ

កិច្ចការរបស់អ្នកស្រាវជ្រាវតម្រូវឲ្យពួកគេនៅក្នុងបន្ទប់ពិសោធន៍ស្រាវជ្រាវរកមើលវិធីព្យាបាលជំងឺផ្សេងៗ ឬជាការស្រាវជ្រាវរកពូជអម្បូររបស់សត្វថ្មីៗជាដើម។

៥. វិស្វករ

គ្រប់ផ្នែកនៃវិស្វករទាំងអស់ មិនថាជាគីមី មេកានិច ឬអគ្គិសនីនោះទេ ការងារពួកគេជាចម្បងអាស្រ័យលើការអនុវត្តជាក់ស្ដែងជាជាងការធ្វើទំនាក់ទំនង។

៦. អ្នកចិញ្ចឹមសត្វ

ពួកគេជាអ្នកមើលថែសត្វ ចិញ្ចឹមសត្វ និងផ្ដល់អាហារដល់ពួកវា ដែលកិច្ចការទាំងនេះមិនតម្រូវឲ្យពួកគេត្រូវពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយមនុស្សដទៃទៀតឡើយ។

៧. អ្នកសរសេរកម្មវិធីកុំព្យូទ័រ

ដូចគ្នានេះដែរពួកគេធ្វើការជាមួយកុំព្យូទ័រសរសេរកម្មវិធីតាំងពីហ្គេមដែលអ្នកលេងរហូតដល់ការទិញទំនិញតាមអនឡាញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស